(អាមេរិក)៖ និយតករសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក (NHTSA) បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតជុំវិញសុវត្ថិភាពលើរថយន្ត Tesla ចំនួន ៥៨០,០០០គ្រឿងដែលបានលក់ចាប់តាំងពីឆ្នាំ ២០១៧ ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយ ដែលអនុញ្ញាតឱ្យលេងហ្គេមនៅលើអេក្រង់ចំកណ្តាលរថយន្តផ្នែកខាងមុខ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា NHTSA បានរកឃើញថា លើរថយន្ត Tesla Model 3, S, X និង Y ឆ្នាំ ២០១៧-២០២២ បានប្រើប្រាស់មុខងារមុខងារមួយដែលមានឈ្មោះថា «Passenger Play» ដែលវាបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់លេងនៅលើអេក្រង់រថយន្តបាន ដែលកត្តានេះវាអាចរំខានអ្នកបើកបរ និងបង្កើនហានិភ័យ (គ្រោះថ្នាក់ចរាចារណ៍)។

មុខងារ «Passenger Play» ត្រូវបានក្រុមហ៊ុន Tesla បញ្ជាក់ថា អាចប្រើបាននៅពេលដែលរថយន្តថតនៅចំណតរថយន្តប៉ុណ្ណោះ ប៉ុន្តែ NHTSA បានអះអាងថា ខ្លួនបើកការស៊ើបអង្កេតនេះឡើង ដោយសារតែមានរបាយការណ៍បង្ហាញថា អ្នកប្រើប្រាស់អាចប្រើ «Passenger Play» ខណៈពេលរថយន្តកំពុងបើកបរ។

យោងតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា នៅសហរដ្ឋអាមេរិកមានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានបង្កឡើងដោយសារតែ មានការរំខានពីសំណាក់អ្នកជិះរថយន្តជាមួយ ហេតុនេះហើយទើប NHTSA ត្រូវតែធ្វើការស៊ើបអង្កេតលើរថយន្តអគ្គិសនីរបស់ ក្រុមហ៊ុន Tesla ដើម្បីឱ្យប្រាកដថា វាមានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅនេះ NHTSA បានបើកការស៊ើបអង្កេតសុវត្ថិភាពទៅលើរថយន្ត Tesla ចំនួន ៧៦៥,០០០គ្រឿងលើប្រព័ន្ធជំនួយអ្នកបើកបរ (Autopilot) បន្ទាប់ពីមានការគាំងជាបន្តបន្ទាប់ទៅលើប្រព័ន្ធរថយន្ត និងមុខងារចំណតរថយន្តសង្គ្រោះបន្ទាន់៕