(អាមេរិក)៖ របាយការណ៍ថ្មីមួយបានបង្ហាញឲ្យដឹងថា TikTok គឺជាគេហទំព័រដែលមានអ្នកចូលមើលច្រើនបំផុតក្នុងឆ្នាំ២០២១ ជាពិសេសគឺនៅចន្លោះខែតុលា និងវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Phone Arena នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

Cloudflare Radar ដែលជាសេវាកម្មរបស់ក្រុមហ៊ុន Cloudflare បានបង្ហាញតួលេខ និងចំណាត់ថ្នាក់នៃគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតប្រចាំឆ្នាំនេះ ដោយក្នុងនោះ TikTok បានយកឈ្នះ Google និងឡើងកាន់តំណែងលេខមួយ។

កាលពីឆ្នាំ២០២០ Cloudflare ក៏បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំដូចគ្នាផងដែរ ដោយ Google ជាអ្នកកាន់តំណែងលេខមួយ ប៉ុន្តែអ្វីដែលគេបានរកឃើញនោះគឺថា ទិន្នន័យភាគច្រើនគឺបានមកពី Google Maps, Google Translate និង Google News ខណៈដែល TikTok បានត្រឹមឈរនៅលេខរៀងទី ៧។

កាលពីខែវិច្ឆិកាកន្លងទៅនេះ TikTok បានប្រកាសឲ្យដឹងថា មានអ្នកមើលគេហទំព័ររបស់ខ្លួនយ៉ាងហោចណាស់ ១ពាន់លានអ្នកក្នុងមួយខែ។ TikTok ក៏បានជាប់ចំណាត់ថ្នាក់លេខមួយ ជាកម្មវិធីដែលមានការទាញយក (download) ច្រើនជាងគេបំផុត និងបានវ៉ាដាច់ Facebook។

ខាងក្រោមនេះគឺជាតារាគេហទំព័រដែលមានអ្នកបើកមើលច្រើនជាងគេបំផុតទាំង១០៖
១) TikTok.com
២) Google.com
៣) Facebook.com
៤) Microsoft.com
៥) Apple.com
៦) Amazon.com
៧) Netflix.com
៨) YouTube.com
៩) Twitter.com
១០) WhatsApp.com