(ឡុងដ៍)៖ ករណីជំងឺកូវីដ១៩ បានឆ្លងនៅក្នុងក្រុម បានបង្ខំឲ្យមានការពន្យារពេលការប្រកួតរវាងក្រុម Liverpool និងក្រុម Leeds United និងការប្រកួតរវាងក្រុម Wolverhampton Wanderers ទល់នឹង Watford ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ (Boxing Day)។ នេះបើតាមលីគ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ចំនួនការប្រកួតក្នុងលីគ Premier League ដែលត្រូវបានពន្យារពេលដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ឥឡូវនេះបានកើនឡើងដល់ ១២ប្រកួត ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ប៉ុន្តែលីគបានឲ្យដឹងថា ខ្លួនមានបំណងបន្តការប្រកួត «តាមអាចធ្វើទៅបានដោយសុវត្ថិភាព»

ក្លិប Leeds បានឲ្យដឹងថា ខ្លួនមិនមានកីឡាករគ្រប់គ្រាន់សម្រាប់ការប្រកួត ដោយសារកីឡាករជាច្រើនបានឆ្លងជំងឺកូវីដ៩, រងរបួស និងមានជំងឺ។

រីឯ Watford វិញដែលបានពន្យារពេលការប្រកួតចំនួន ២លើករួចមកហើយនៅក្នុងខែនេះនោះ បានបន្តពន្យារពេលការប្រកួតទៀត ដោយសារមិនមានកីឡាករគ្រប់គ្រាន់នៅក្នុងក្រុម។ នេះបើតាមលីគបានបញ្ជាក់ឲ្យដឹង៕