(ភ្នំពេញ)៖ ទោះបីមានភាពប្រឈមខ្លះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ក្ដី ក្រុមហ៊ុន SCG ដែលឈានមុខគេនៅអាស៊ាន ក្នុងវិស័យផលិតស៊ីម៉ងត៍ និងគ្រឿងសម្ភារៈ សាងសង់ បានបន្តផ្ដល់ការគាំទ្រ ដល់សិស្សនិស្សិតកម្ពុជា ដើម្បីជួយពួកគេឲ្យសម្រេចក្ដីសុបិនរបស់ខ្លួន សម្រាប់ការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ជាមួយនឹងការផ្ដល់អាហារូបករណ៍ចំនួន១១២នាក់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ។

អ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុននៅឆ្នាំនេះ រួមមាន ១២នាក់ជានិស្សិតសាកលវិទ្យាល័យ និង១០០នាក់ជាសិស្សវិទ្យាល័យ ។

ថ្លែងនៅក្នុងពិធីប្រគល់អាហារូបករណ៍ ដែលធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ SCG នៅភ្នំពេញ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានថ្លែងថា នៅក្រោមកម្មវិធី «អេសស៊ីជី ចែករំលែកក្ដីសុបិន» របស់ខ្លួន ក្រុមហ៊ុនបានផ្ដល់អាហារូបករណ៍ ដល់សិស្ស និងនិស្សិតកម្ពុជាជាច្រើននាក់ ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។

លោក វីរុត ផានិតភុតចាម៉ាន បានថ្លែងយ៉ាងដូច្នេះថា «ជាមួយនឹងអាហារូបករណ៍ទាំងនេះ យើងចូលរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយជួយដល់យុវជនកម្ពុជាក្មេងៗ សម្រេចនូវក្ដីសុបិនរបស់ពួកគេ ក្នុងការស្វែងរកចំណេះវិជ្ជាខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន។ សម្រាប់ឆ្នាំបន្តបន្ទាប់ ទៅមុខទៀត កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ប្ដេជ្ញាបន្តជួយគាំទ្រដល់សិស្សនិស្សិតកម្ពុជាជាបន្តទៀត»

លោក វីរុត ក៏បានលើកទឹកចិត្ត ដល់សិស្សនិស្សិត ដែលបានទទួលអាហារូបករណ៍ ឲ្យតាំងចិត្តខិតខំរៀនសូត្រ ឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ នៅពេលអនាគត។

កញ្ញា អ៊ី ចំណាន អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពងទឹក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីថ្នាក់ទី១០មក បាននិយាយថា អាហារូបករណ៍នេះ «ជួយសម្រាលបន្ទុកចំណាយលើការសិក្សារបស់ខ្ញុំ និងជួយសម្រាលបន្ទុកគ្រួសារខ្ញុំបានច្រើន»

អ្នកទទួលអាហារូបករណ៍មួយរូបទៀត យុវជន ឃឿន ឡាំងហេង មកពីខេត្តកំពត ដែលជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាននិយាយថា ខ្លួនបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី តាំងពីឆ្នាំទីមួយមកម្ល៉េះ ។

និស្សិត ឃឿន ឡាំងហេង បាននិយាយដូច្នេះថា «អាហារូបករណ៍នេះសំខាន់ណាស់ចំពោះខ្ញុំ និងគ្រួសារ ពីព្រោះគ្រួសារខ្ញុំពុំមានលទ្ធភាព ឲ្យខ្ញុំបន្តការសិក្សានៅសាកលវិទ្យាល័យទេ។ អាហារូបករណ៍ជួយដល់ថ្លៃសាលា និងការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ខ្ញុំ»

ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់អាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដល់សិស្សនិស្សិតកម្ពុជាសរុបជាង ១៥០០នាក់ហើយ ហើយនៅឆ្នាំនេះ ជាឆ្នាំពិសេសបន្តិច ដោយសិស្សនិស្សិតបានទទួលប្រាក់អាហារូបករណ៍ហើយ ថែមទាំងបានទទួលឧបករណ៍ tablet ម្នាក់មួយគ្រឿងសម្រាប់ ការសិក្សាតាមអនឡាញរបស់ពួកគេ ផងដែរ។

ជាផ្នែកនៃសកម្មភាព CSR របស់ខ្លួនក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុន អេសស៊ីជី កន្លងមក បានធ្វើកិច្ចការជាច្រើន ដើម្បីលើកកម្ពស់ជំនាញ របស់មេជាងសំណង់ មកពីបណ្ដាខេត្តក្រុងនៅទូទាំងកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាល មេជាងសំណង់របស់ខ្លួន។

ក្រុមហ៊ុន ក៏បានបរិច្ចាគសម្ភារៈសាងសង់ដល់សាលារៀន និងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើ ដល់សកម្មភាពបណ្ដុះបណ្ដាលនិងអប់រំប្រជាជនកម្ពុជា ជាច្រើនទៀតផងដែរ៕