(បរទេស)៖ ក្រុមហ៊ុន Intel និងរដ្ឋាភិបាលអ៉ីតាលី បានកំពុងបង្កើនកិច្ចពិភាក្សាលើគម្រោងវិនិយោគ ដែលត្រូវបានគេដឹងថា មានទំហំទឹកប្រាក់រហូតដល់ ៨ពាន់លានអឺរ៉ូ (ប្រហែល ៩ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រវេចខ្ចប់សារធាតុ ពាក់កណ្ដាល សម្រេច ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងនាំចេញទៅក្រៅប្រទេស។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទំហំនៃការវិនិយោគនេះ គឺស្មើនឹង ១០ភាគរយនៃ គម្រោងវិនិយោគទាំងអស់របស់ក្រុមហ៊ុនអាមេរិកមកលើប្រទេសអ៉ីតាលី ក្នុងទសវត្សរ៍ចុងក្រោយសម្រាប់ទ្វីបអឺរ៉ុប ដើម្បីជំរុញការផលិត និងផ្គត់ផ្គង់ បន្ទះឈីប និងគ្រឿងអេឡិចត្រូនិក ក្នុងគោលដៅជួយជៀសវាងការខ្វះខាតនាពេលអនាគតនៃបន្ទះឈីបពាក់កណ្ដាលសម្រេច។

ការវិនិយោគនេះក៏ជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Intel នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ដោយថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងស្វែងរកទីតាំងសម្រាប់សាងសង់រោងចក្រដ៏ធំមួយ ខណ:ដែលប្រទេសបារាំងកំពុងតែដំណើរការគម្រោងដូចគ្នា នេះ ផងដែរ។

តំណាងក្រុមហ៊ុន Intel បានបញ្ជាក់ថា ខ្លួនកំពុងតែជួបចរចាជាមួយនឹងបណ្ដាមេដឹកនាំបណ្ដាប្រទេសសហភាពអឺរ៉ុប ប៉ុន្តែមិនបានបញ្ជាក់ថា មានប្រទេសណាខ្លះនោះទេ ប៉ុន្តែបានរំលេចឱ្យដឹងថា Intel មានមហិច្ឆតាខ្ពស់ក្នុងការផ្គត់ផ្គង់បន្ទះឈីបពាក់កណ្ដាលសម្រេចឱ្យ គ្រប់តម្រូវការ នៅឆ្នាំ២០៣០។

គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឱ្យពិភពលោកជួបបញ្ហាកង្វះខាតបន្ទះឈីប និងបាននាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បិទរោងចក្រជាបណ្ដោះអាសន្ន ជាពិសេសគឺក្រុមហ៊ុនផលិតរថយន្តតែម្ដង៕