(ភ្នំពេញ)៖ វីង បានដាក់ដំណើរការជាផ្លូវការ «ភ្នាក់ងារវីង ម៉ាស្ទ័រ» ដំបូងគេដែលមិនធ្លាប់មាន ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត នៅកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃ ក្រុមហ៊ុន វីង ម៉ាន់នី (ខេមបូឌា) ម.ក បានថ្លែងថា «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់វីង ខណៈពេលដែលយើងខិតខំ ប្រឹងប្រែងផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញមួយ ដល់សហគមន៍កាន់តែច្រើនបន្ថែមទៀត។ ភ្នាក់ងារវីង ម៉ាស្ទ័រ នឹងក្លាយជាកាតាលីករមួយទៀត ដើម្បីជួយជំរុញបរិយាបន្ន ហិរញ្ញវត្ថុក្នុងចំណោមប្រជាជន ដែលមិនមានធនាគារនៅក្នុងប្រទេសកម្ពុជា»។
ភ្នាក់ងារវីង ម៉ាស្ទ័រ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អតិថិជនគ្រប់រូប ដែលចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែច្រើន ទាំងការផ្ទេរប្រាក់ក្នុងស្រុក ការទូទាត់វិក្កយបត្រ និងសេវាផ្សេងជាច្រើនទៀត។ ភ្នាក់ងារវីង ម៉ាស្ទ័រ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារវីង ដែលនៅជិតៗនោះ ធានាឲ្យបាននូវការបំពេញសាច់ប្រាក់ ដើម្បីផ្តល់នូវសេវាកម្មហិរញ្ញវត្ថុលឿនរហ័ស។
ភ្នាក់ងារវីង ម៉ាស្ទ័រ ដំបូងគេ មានទីតាំងនៅជិតផ្សារផ្អាវ ក្នុងខេត្តកំពង់ចាម។ ដោយមានមុខងារដូចគ្នា នឹងការិយាល័យកណ្តាលរបស់វីង ក្នុងរាជធានីភ្នំពេញ «ភ្នាក់ងារវីង ម៉ាស្ទ័រ» ផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់អតិថិជនគ្រប់រូបដូចជា៖ វីងវេរលុយ ដាក់ប្រាក់ និងដកប្រាក។ អតិថិជន ក៏អាចស្នើសុំកាត Master និង Visa ពី «ភ្នាក់ងារវីង ម៉ាស្ទ័រ» បានផងដែរ។
លោក ស៊្រុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង បានថ្លែងថា «អតិថិជននៅតែអាចទៅកាន់ភ្នាក់ងារវីង ដែលនៅជិតនោះ ព្រមទាំងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងជាធម្មតា ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ ភ្នាក់ងារវីង ម៉ាស្ទ័រ នឹងផ្តល់សេវាកម្មទាំងអស់ ដូចគ្នាទៅនឹងការិយាល័យកណ្តាលរបស់វីង ដែលជួយសន្សំសំចៃពេលវេលា និងការចំណាយលើការធ្វើដំណើររបស់អតិថិជន»។
ភ្នាក់ងារវីង ម៉ាស្ទ័រ ដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពីម៉ោង៨ព្រឹក ដល់៥ល្ងាច។ ភ្នាក់ងារវីង ម៉ាស្ទ័រ ជាច្រើនទៀតនឹងបើកសម្ពោធជាផ្លូវការ ក្នុងពេលឆាប់ៗនេះ នៅផ្សារដងទង់ ក្នុងខេត្តកោះកុង ផ្សារថ្នល់ទទឹង និងផ្សារកំពង់លួង ខេត្តកណ្តាល ផ្សារទីរួមខេត្តកំពង់ស្ពឺ និងផ្សារឈូកមាស ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍។
ដើម្បីអបអរការដាក់ដំណើរការ «ភ្នាក់ងារវីង ម៉ាស្ទ័រ» អតិថិជនដែលបើកគណនីវីងនៅភ្នាក់ងារទាំងនេះ ហើយដាក់ប្រាក់២៥ដុល្លារអាមេរិក ឬ ១០០,០០០រៀល នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធ១០០ដុល្លារ។ អ្នកឈ្នះចំនួន២៥នាក់ នឹងត្រូវបានជ្រើសរើសនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ អ្នកឈ្នះ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់បញ្ចូល ទៅក្នុងគណនីវីងរបស់ពួកគេតែម្តង៕