(ឡុងដ៍)៖ ករណីវិជ្ជមានកូវីដ១៩ និងបញ្ហារបួសនៅឯក្លិប Everton បានបង្ខំឲ្យ Premier League ទទួលយកនូវការស្នើសុំរបស់ក្លិប ចំពោះការពន្យារពេលប្រកួតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ (Boxing Day) ដែលត្រូវទៅជួបក្រុមម្ចាស់ផ្ទះ Burnley។ នេះបើតាមការបញ្ជាក់ពីលីគ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

វាគឺជាការប្រកួតនៅលីគ Premier League លើកទី១៣ ហើយដែលត្រូវបានពន្យារពេល ដោយសារបញ្ហាកូវីដ១៩ និងជាការប្រកួតលើកទី៣ នៅថ្ងៃ Boxing Day ដែលត្រូវបានពន្យារពេល បន្ទាប់ពីការប្រកួតរវាងក្រុម Liverpool ជាមួយ Leeds United និងការប្រកួតរវាងក្រុម Wolverhampton Wanderers និង Watford ត្រូវបានសម្រេចពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍។

អ្នកចាត់ការក្លិប Everton លោក Rafael Benitez បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ក្លិបរបស់លោកបានស្នើឲ្យមានការពន្យារពេលការប្រកួត នៅថ្ងៃអាទិត្យសប្តាហ៍នេះ ប៉ុន្តែត្រូវបានបដិសេធដោយ Premier League។ លោកបន្ថែមថា វាមិនមានយុត្តិធម៌នោះទេ ខណៈក្លិបលោកមានកីឡាករចំនួន ៦នាក់បានរងរបួស និង ៥នាក់ទៀតបានឆ្លងជំងឺកូវីដ១៩។

Premier League បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្រុមប្រឹក្សាបានត្រួតពិនិត្យឡើងវិញលើការស្នើសុំរបស់ក្លិបនៅថ្ងៃនេះ ដើម្បីពន្យារពេលការប្រកួត បន្ទាប់ពីមានករណីរបួសបន្ថែមទៀតនៅក្នុងក្រុមរបស់ពួកគេ»

គួរឲ្យដឹងថា Burnley កំពុងស្ថិតនៅលេខរៀងទី១៨ ក្នុងតារាង Premier League មាន ១១ពិន្ទុពី១៥ប្រកួត ខណៈ Everton ឈរនៅលេខរៀងទី១៤ មាន ១៩ពិន្ទុពី១៧ប្រកួតរបស់ពួកគេ៕