(ឡុងដ៍)៖ ក្រុមអ្នកចាត់ការរបស់ក្លិប ដែលលេងនៅលីគកំពូលអង់គ្លេស Premier League បានដាក់ការព្រួយបារម្ភរបស់ពួកគេ ស្តីពីការកកស្ទះការប្រកួត នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងលីគ ប៉ុន្តែវាមានអារម្មណ៍ថា ហាក់បីដូចជាពួកគេនិយាយទៅកាន់ជញ្ជាំងអីចឹង។ នេះបើតាមសម្តីអ្នកចាត់ការក្លិប Tottenham Hotspur លោក Antonio Conte បានលើកឡើងនៅថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ទាំងកីឡាករ និងអ្នកចាត់ការបានលើកឡើងពីការព្រួយបារម្ភ ផ្នែកសុខុមាលភាពរបស់កីឡាករ ជាមួយនឹងក្រុមជាច្រើន ត្រូវប្រកួត ២លើកក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ពីពិធីបុណ្យ Christmas ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបានបង្ខំឲ្យ Premier League ផ្អាកការប្រកួតនោះ។

Premier League បានរៀបចំកិច្ចប្រជុំមួយជាមួយនឹងអ្នកចាត់ការក្លិប និងកីឡាករប្រធានក្រុម ដើម្បីពិភាក្សាគ្នាពីការកកស្ទះការប្រកួត ប៉ុន្តែលីគបានបញ្ជាក់ថា នៅតែរក្សាគម្រោងការប្រកួតដដែល។

«ខ្ញុំនិយាយដោយស្មោះ ខ្ញុំគិតថា កិច្ចប្រជុំគឺជាកន្លែងដែលយើងព្យាយាមនិយាយ។ គ្រូបង្វឹកមួយចំនួនបានព្យាយាមនិយាយ ដើម្បីស្នើសុំដំណោះស្រាយ ប៉ុន្តែខ្ញុំគិតថា គ្រប់យ៉ាងត្រូវបានសម្រេចរួចរាល់ហើយ»។ នេះបើតាមសម្តីលោក Conte បានប្រាប់អ្នកសារព័ត៌មានមុនពេលការប្រកួតនាថ្ងៃអាទិត្យនេះ ដែលត្រូវប៉ះក្រុម Crystal Palace។

«កិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ គឺជាជញ្ជាំង»។ លោកបានបន្ថែម។ នៅពេលដែលមានការសួរថា តើកិច្ចប្រជុំនោះ គឺជាការខ្ជះខ្ជាយពេលវេលាដែរទេ។ លោក Conte បានឆ្លើយថា «ខ្ញុំគិតអីចឹងដែរ នៅពេលដែលអ្នកមានជញ្ជាំងមួយនៅចំពោះមុខអ្នក អ្នកអាចនិយាយ ហើយស្នើសុំអ្វីដែលអ្នកចង់បាន ប៉ុន្តែគ្រប់យ៉ាង ត្រូវបានសម្រេចរួចរាល់ទៅហើយ»

Spurs បានទទួលរងនូវការផ្ទុះឡើងពីជំងឺកូវីដ១៩ កាលពីដើមខែនេះ ដែលនាំឲ្យការប្រកួតចំនួន៣ ត្រូវបានពន្យារពេល ហើយលោក Conte បានលើកឡើងថា លោកមានការព្រួយបារម្ភអំពីកម្លាំងរបស់កីឡាករ ដែលទើបជាសះស្បើយពីជំងឺ ហើយត្រូវប្រកួត ២លើកក្នុងរយៈពេល ៣ថ្ងៃទៀត៕