(ម៉ូស្គូ)៖ តុលាការក្រុងមូស្គូនៅថ្ងៃសុក្រម្សិលមិញនេះបានចេញសេចក្ដីប្រកាសផាកពិន័យក្រុមហ៊ុន Alphabet (Google) នូវទឹកប្រាក់ ប្រមាណ ៩៨លានដុល្លារអាមេរិក និងផាកពិន័យក្រុមហ៊ុន Meta Platforms (Facebook) ជាង ២៧លានដុល្លារអាមេរិក ជុំវិញការខកខានម្តងហើយម្តងទៀតក្នុងការលុបមាតិកាដែលរុស្ស៊ីចាត់ទុកថាខុសច្បាប់ ដែលជាការផាកពិន័យផ្អែកលើប្រាក់ចំណូលដំបូងបង្អស់នៅក្នុងប្រទេសរុស្ស៊ី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្ដាហ៍មុន រដ្ឋាភិបាលក្រុងម៉ូស្គូ បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យា Twitter , Meta Platforms និង TikTok ពាក់ព័ន្ធករណីខាងលើ ហើយបានបើកសវនាការកាលពី ថ្ងៃសុក្រម្សិលមិញនេះ ដើម្បីកាត់ក្ដីក្រុមហ៊ុន Meta Platforms រួមជាមួយនឹង Alphabet ដោយក្នុងនោះ ក្រុមហ៊ុនយក្សអាមេរិកទាំងពីរ នឹង ត្រូវប្រឈមមុខនឹងការផាកពិន័យប្រមាណជា ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេដែលទទួលបាននៅក្នុងប្រទេសរុស្ស៊ី។

ពាក់ព័ន្ធនឹងកាសេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃសុក្រម្សិលមិញនេះ ខាងក្រុមហ៊ុន Meta Platforms និង Alphabet មិនបានផ្ដល់ សេចក្ដី បកស្រាយ ឬឆ្លើយតបមកាន់ Reuters វិញនោះទេ។

ប្រទេសរុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុននានាលុបការផ្សាយដែលផ្សព្វផ្សាយអំពីការប្រើប្រាស់គ្រឿងញៀន និងល្បែងកម្សាន្តដ៏គ្រោះថ្នាក់ ,ព័ត៌មានអំពីអាវុធផលិតនៅផ្ទះ និងគ្រឿងផ្ទុះ ព្រមទាំងក្រុមដែលខ្លួនចាត់ទុកថាជាជ្រុលនិយម ឬភេរវករ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា យក្ស អាមេរិក ទាំងនោះមិនបានធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាលឡើយ។

យោងតាមការបញ្ជាក់ពីអ្នកនាំរបស់ក្រុងម៉ូស្គូបានឱ្យដឹងថា មានក្រុមហ៊ុនបរទេសប្រមាណជា ១៣ ដែលប្រឈមមុខនឹងការផាកពិន័យ ពាក់ព័ន្ធនឹងករណីខាងលើនេះ ដោយក្នុងនោះភាគច្រើនជាងក្រុមហ៊ុនអាមេរិក ខណ:ដែលការអនុវត្តវិធានផ្លូវច្បាប់នឹងចាប់ផ្ដើមធ្វើឡើង នៅ ខែ មករា ឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា មួយរយ:ចុងក្រោយនេះរដ្ឋាភិបាលប្រទេសរុស្ស៊ីបានដាក់រឹងបណ្ដឹងទៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ និងបាន ដាក់សម្ពាធទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកឱ្យអនុវត្តទៅតាមគោលការណ៍ច្បាប់របស់ខ្លួន ដើម្បីទប់ស្កាត់ករណីខុសច្បាប់ ទាំង ឡាយ ផ្សេងៗដែលអាចនឹងកើតមានឡើងនៅក្នុងប្រទេសរុស្ស៊ី៕