(បរទេស)៖ ខ្សែបម្រើស្លាប Riyad Mahrez របស់ក្លិបមេឃខៀវ Manchester City នឹងបន្តធ្វើជាប្រធានក្រុមជម្រើសជាតិអាល់ហ្សេរីដដែល ក្នុងការដឹកនាំកូនក្រុមលេងពានប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2021 នាខែក្រោយនេះ ដែលមានកាមេរូនធ្វើជាម្ចាស់ផ្ទះ។

កីឡាករវ័យ ៣០ឆ្នាំ Mahrez ត្រូវបានតែងតាំងជាប្រធានក្រុម នៅពេលក្រុមខ្លាំងប្រចាំតំបន់ខាងលើឈ្នះជើងឯក Africa Cup of Nations នាឆ្នាំ២០១៩ នៅប្រទេសអេហ្ស៊ីប ក្រោយយកឈ្នះសេណេហ្គាល់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រនោះ ដែលជាការឈ្នះជើងឯក Afcon ជាលើកទី២ របស់ពួកគេផងដែរ។

ដូចគ្នានោះដែរ ខ្សែប្រយុទ្ធដែលរកបានគ្រាប់ជ័យជម្នះ Baghdad Bounedjah ដែលកំពុងប្រកបអាជីពនៅប្រទេសកាតានោះ ក៏មានឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៨នាក់ក្រោមការបង្វឹករបស់លោក Djamel Belmadi ក្នុងដំណើរឆ្ពោះទៅប្រទេសកាមេរូនដែរ។

អាល់ហ្សេរី នឹងចាប់ផ្តើមដំណើរការការពារពានរយៈពេល ២ឆ្នាំម្តងរបស់ពួកគេដោយត្រូវប៉ះសារ៉ាឡេអន នៅថ្ងៃទី១១ ខែមករា មុនប៉ះហ្គីណេ និងកូដឌីវ័រ ដែលស្ថិតក្នុងពូល E ជាមួយគ្នានាឆ្នាំក្រោយនេះ ដ្បិតពាននេះត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩៕