(ភ្នំពេញ)៖ អាចចាត់ទុកថា ជាដំណឹងដ៏សែនក្ដុកក្ដួលសម្រាប់ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិជាអ្នកសិល្បៈដូចគ្នា និងមហាជនដែលធ្លាប់ស្គាល់ សម្រាប់ដំណឹងដ៏រន្ធត់ នៃមរណភាពរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ដែលជាអតីតបេក្ខភាព Cambodian Idol ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញនេះ។

លោក ប៉ែន ចំរ៉ុង ដែលជាអ្នករាប់អានជិតស្និទ្ធ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា លោកពិតជារន្ធត់ចិត្តពេលទទួលដំណឹងថា តារាចម្រៀង នាង ប្រាក់សុគន្ធ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែយប់មិញនេះ រូបលោកត្រូវទៅធ្វើកម្មវិធីខួបកំណើតក្មួយនៅហាង «ម៉ាក់ហេងហេង២» ម្ដុំស្ទឹងមានជ័យ ដែលជាកន្លែងរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ច្រៀងជាប្រចាំនៅទីនោះ។

លោកបន្តថា ប៉ុន្តែដោយសារតែក្រុមគ្រួសាររបស់លោក បានសម្រេចធ្វើពិធីខួបកំណើតនេះលក្ខណៈតូចតាចនៅផ្ទះវិញ ទើបរូបលោកខកខាន មិនបានជួបតារាចម្រៀង នាង ប្រាក់សុគន្ធ កាលពីយប់មិញ រហូតព្រឹកឡើងទើបទទួលដំណឹងដ៏រន្ធត់មកតាមរយៈប្អូនស្រី គឺកញ្ញា នាង ប្រាក់គន្ធា ថាបងប្រុសរបស់ខ្លួន បានស្លាប់បាត់ទៅហើយ ធ្វើឲ្យលោកព្រឺសម្បុរខ្ញាកៗតែម្ដង។

លោក ប៉ែន ចំរ៉ុង បានបន្តថា តាមដែលលោកទទួលដំណឹងពីគ្រួសាររបស់តារាចម្រៀង នាង ប្រាក់សុគន្ធ គឺតារាចម្រៀងរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារមានរថយន្តបុកពីក្រោយនៅវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ យប់ថ្ងៃទី២៥ ខែធ្នូនេះ បន្ទាប់ពីតារាចម្រៀងរូបនេះចេញពីកន្លែងច្រៀង គឺហាង «ម៉ាក់ហេងហេង២» ម្ដុំស្ទឹងមានជ័យ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង។

សូមបញ្ជាក់ថា តារាចម្រៀង នាង ប្រាក់សុគន្ធ គឺត្រូវបានមហាជនស្គាល់រូបលោកច្រើន តាមរយៈការចូលរួមប្រឡងកម្មវិធី Cambodai Idol របស់ទូរទស្សន៍ហង្សមាស ជាមួយនឹងប្អូនស្រីបង្កើតរបស់លោកម្នាក់ទៀត គឺកញ្ញា នាង ប្រាក់គន្ធា។ ទោះបីជាអ្នកទាំងពីរមិនបានជាប់ជយលាភី ក្នុងពេលប្រឡង ប៉ុន្តែពួកគេក៏បានក្លាយជាតារាចម្រៀង ក្នុងផលិតកម្ម និងមានកេរ្តិ៍ឈ្មោះល្បីដល់សព្វថ្ងៃ៕