(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានសម្រេចជោគជ័យសំខាន់ៗ២ ក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី១៧ ឆ្នាំ២០២១ (The 17th Asian Karate Championship Seniors 2021) នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថានកាលថ្មីៗ ទី១-ការដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង និងទី២-អាជ្ញាកណ្ដាលកម្ពុជា ៥រូបបានប្រឡងជាប់អាជ្ញាកណ្ដាលអន្ដរជាតិ។

ការលើកឡើងនេះបន្ទាប់ពីប្រតិភូ និងក្រុមអត្តពលិកកីឡាការ៉ាតេជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញកាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះក៏មានការអញ្ជើញទទួលស្វាគមន៍ និងអបអរសាទរពីលោក វ៉ាត់ ចំរើន តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាផងដែរ។

លោក វ៉ាត់ ចំរើន បានថ្លែងថា នេះជាលើកដំបូងហើយដែលសហព័ន្ធបានបញ្ជូនប្រតិភូ និងអត្តពលិក ច្រើនរហូតដល់ជាង ២០នាក់ចូលរួមព្រឹត្តិការណ៍ខាងលើ ហើយបានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី។ ការបញ្ជូនប្រតិភូ អាជ្ញាកណ្ដាល និងអត្តពលិកច្រើននេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ៣ រួមមាន៖

១-ការវាស់ស្ទង់កម្រិតសមត្ថភាព និងភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនី ក្រោយហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេសកម្រិតខ្ពស់ ២រូប (លោក Hassan គ្រូបង្វឹកកម្រិតខ្សែក្រវាត់ ៨ដាន់ផ្នែកប្រយុទ្ធមកពីអ៊ីរ៉ង់ និងលោក Shoki Toyarma គ្រូបង្វឹកផ្នែកកាតាមកពីជប៉ុន) ក្នុងការប្រកួតជើងឯកអាស៊ីនេះ។

២-ការបង្ហាញនូវសក្ដានុពលថ្មី និងរបតថ្មីរបស់កីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យប្រធានសហព័ន្ធ រួមជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបានជំរុញឲ្យវិស័យកីឡានេះស្មើមុខមាត់លើឆាកអន្ដរជាតិ ពិសេសការបញ្ជូនអត្តពលិកចូលរួមដ៏ច្រើន ដែលពុំធ្លាប់មានពីមុនមក។

៣-ការបញ្ជូនអាជ្ញាកណ្ដាលចូលរួមប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិ ដែលបែងចែកជា២ ក្នុងនោះការប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិកម្រិត A (កម្រិតខ្ពស់) កម្ពុជាបញ្ជូនទៅប្រឡង ២នាក់ ជាប់ទាំង ២នាក់ និងការប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិកម្រិត B កម្ពុជាបញ្ជូនទៅប្រឡង ៤នាក់ ជាប់ ៣នាក់។

លោកបន្ដថា «យើងទទួលបានជោគជ័យ២ ក្នុងបេសកកម្មប្រកួតជើងឯកអាស៊ីនៅកាហ្សាក់ស្ថាននេះ ទី១-យើងដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងកម្រិតជើងឯកអាស៊ី ដែលជាកីឡាការិនីទាំង ២នាក់ ក្នុងនោះម្នាក់ប្រកួតក្នុងវិញ្ញាសាក្រោមអាយុ ១៨ឆ្នាំ និងម្នាក់ទៀត ប្រកួតវិញ្ញាសាលើសអាយុ ១៨ឆ្នាំ។ នេះជាស្នាដៃថ្មី និងជារបត់ថ្មីមួយទៀតរបស់កីឡាការ៉ាតេ ដែលដណ្ដើមបានមេដាយកម្រិតអាស៊ីលើសអាយុ ១៨ឆ្នាំ។ ទី២-អ្វីដែលសំខាន់ គឺអាជ្ញាកណ្ដាល ដែលបានប្រឡងជាប់អាជ្ញាកណ្ដាលអន្ដរជាតិ»

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបានចាត់ទុកនេះគឺជាមោទនភាពថ្មីមួយ សម្រាប់វិស័យកីឡាការ៉ាតេកម្ពុជា បន្ទាប់ពីការដាក់ទុនវិនិយោគជួលគ្រូបរទេសមកបង្ហាត់ ដែលជាចំណុចដ៏សំខាន់នៃការប្រែប្រួលគួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតនេះ។ លោកសង្កត់ធ្ងន់ថា «ការប្រកួតនេះមានការប្រែប្រួលមួយហើយ តែនៅមិនទាន់មានការពេញចិត្តនៅឡើយទេ សម្រាប់សហព័ន្ធ ព្រោះសហព័ន្ធមានមហិច្ឆតាឲ្យដល់កម្រិតមេដាយច្រើនជាងនេះ ហើយល្អជាងនេះ»

«អ្វីដែលមានការប្រែប្រួល នៃការប្រកួតលើកនេះ គឺបច្ចេកទេស ទាំងការសម្ដែង និងប្រយុទ្ធ កីឡាករ-កីឡាការិនីរបស់យើង មិនមានប្រៀបចាញ់គេដូចលើកមុនទេ គឺមានកម្រិតប្រហាក់ប្រហែលគ្នា ហើយយើងមានការប្រកួតប្រជែងល្អ គេហៅថា ខិតមកកៀតកម្រិតសិទ្ធផលនៃការប្រកួត។ កាលណាគាត់ខិតជិតដល់កម្រិតសិទ្ធផលនៃការប្រកួត បើគាត់បន្ដជំរុញអភិវឌ្ឍន៍គុណផលបន្ដិចទៀត ពួកគាត់នឹងអាចឈានទៅរកមេដាយទាំងអស់គ្នាបាន»

«ដូច្នេះយើងសង្ឃឹមហើយ សង្ឃឹមទៀតថា យើងនឹងខិតខំថែរក្សានូវជោគជ័យនេះ ហើយនឹងជំរុញទឹកចិត្តគាត់បន្ថែម សំខាន់ជាងគេការជំរុញទឹកចិត្តបន្ថែម ក្នុងការរក្សានូវតម្លៃរបស់គាត់ ជាអ្នកប្រយុទ្ធខាងវិស័យកីឡាការ៉ាតេ ហើយមិនបោះបង់នូវការខិតខំរបស់គាត់ ហើយគាត់ឈានដល់នូវការជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹងលទ្ធផលពេលនេះ គឺជាសញ្ញាមួយល្អសម្រាប់ឆ្នាំ២០២៣ នៃវិស័យកីឡាការ៉ាតេកម្ពុជា»។ លោក វ៉ាត់ ចំរើន បន្ថែម។

គួរដឹងថា ព្រឹត្តិការណ៍ The 17th Asian Karate Championship Seniors 2021 បានធ្វើការប្រកួតពីថ្ងៃទី១៩-២២ ខែធ្នូកន្លងទៅ ដោយមានអត្តពលិក ៤៥ប្រទេសចូលរួម ក្នុងនោះក្រៅពីប្រតិភូ និងអាជ្ញាកណ្ដាល កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១៥នាក់ចូលរួម។ ជាលទ្ធផលកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ២គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនី លឹម សុខវិច្ឆិកា លើវិញ្ញាសាយុវនារីទម្ងន់ក្រោម ៥៩គីឡូក្រាម និងកីឡាការិនី ឆន ស្រីភា លើវិញ្ញាសា U21 ទម្ងន់ក្រោម ៥៥គីឡូក្រាម៕