(ក្រុងរ៉ូម)៖ លោក Roberto Mancini អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាសូរីអ៉ីតាលី បានបង្ហាញអារម្មណ៍សោកស្តាយ នៅពេលក្រុមរបស់លោកមិនបានឈ្នះកៅអីស្វ័យប្រវត្តិទៅលេង FIFA World Cup 2022 ដោយត្រូវធ្លាក់មកលេងជម្រុះជុំទី២ ទៀតប្រចាំទ្វីបអឺរ៉ុប UEFA។

លោកថា អ៉ីតាលី ត្រូវតែបំភ្លេចរឿងជ័យជម្នះពានអឺរ៉ុប Euro 2020 និងងាកមកផ្តោតតែទៅលើការលេងជម្រុះ World Cup 2022 តែប៉ុណ្ណោះ ដោយត្រូវប៉ះក្រុមខ្លាំងព័រទុយហ្គាល់ ដែលមាន Cristiano Ronaldo ជាដើម។

គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លិបអាជីព Manchester City, Inter Milan និង Zenit St. Petersburg មុនចូលដឹកនាំអ៉ីតាលីនោះបានថ្លែងប្រាប់ Live Score ថា «យើងបានធ្វើឲ្យគ្រប់យ៉ាងឈានដល់ចំណុចហានិភ័យ ដូច្នេះយើងត្រូវតែធ្វើរឿងអស្ចារ្យវិញក្នុង ២ប្រកួតចុងក្រោយនេះ។ ខ្ញុំបានសុទ្ធិនិយមថា ពួកយើងអាចធ្វើបាន ដ្បិតការប្រកួតក្នុងពូលនាពេលកន្លងមកដែលមានស្វីស មានភាពលំបាកដូចអ្វីដែលខ្ញុំបានគិតមែន»

អ៉ីតាលី ដែលបានខកខាន World Cup 2018 ម្តងរួចមកហើយនោះ បានធ្លាក់ទម្រង់លេងជាខ្លាំង ក្រោយពួកគេគ្រងតំណែងជើងឯក Euro 2020 រួចមកគិតចាប់តាំងពីឆ្នាំ១៩៦៨ និងបាត់បង់កំណត់ត្រាលេង ៣៧ប្រកួតមិនដែលចាញ់ផងដែរ ក្រោមថ្វីជើងរបស់អេស្ប៉ាញនាខែតុលា ឆ្នាំ២០២១ ក្នុងពានរង្វាន់ UEFA Nations League នៃវគ្គ ៤ក្រុមចុងក្រោយ ក្នុងនាមជាក្រុមបញ្ចប់លេខ២ ប្រចាំពូល C តាមពីក្រោយស្វីស ក្នុងវគ្គជម្រុះប្រជែងកៅអីស្វ័យប្រវត្តិទៅប្រទេសកាតាឆ្នាំក្រោយនេះ មុនពេលឆាប់ឆ្នោតប៉ះក្រុមលេខ១ ពូល A ព័រទុយហ្គាល់ដែលត្រូវលេង ២ជើងនាខែមីនា ឆ្នាំ២០២២ ខាងមុខ៕