(ភ្នំពេញ)៖ ក្រោយពេលរាជរដ្ឋាភិបាល សម្រេចបើកសេដ្ឋកិច្ចឡើងវិញ កាលពីខែវិច្ឆិកា ព្រមទាំងប្រកាសបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០២១ បានធ្វើឱ្យទីផ្សារខុនដូ Royal Platinum បានចាប់ផ្តើមងើបឡើងវិញ ដោយមានទាំងអតិថិជនខ្មែរ និងបរទេស ចាប់ផ្តើមមកទិញ និងកក់បណ្តើរៗ។

លោក គួច លេងឃាង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន ហុង ឡៃហួត លីមីធីត បានឱ្យដឹងថា បន្ទាប់រាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ធ្វើឱ្យការលក់ខុនដូ របស់ដូរ៉ូយ៉ាល់ផ្លាទីនីម កើនឡើងវិញប្រមាណ៨០%។ ការលក់កើនឡើងវិញនេះ ដោយសារតែកម្ពុជា គ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩បានល្អ ខណៈដែលទីតាំងរបស់ រ៉ូយ៉ាល់ផ្លាទីនីម ក៏ជាទីតាំងមានសក្តានុពល ដែលធ្វើឱ្យអតិថិជនទាំងខ្មែរ និងបរទេសចាប់អារម្មណ៍មកកក់ទីតាំង។

ការលើកឡើងរបស់ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន ហុង ឡៃហួតនេះ ធ្វើឡើងក្នុងកម្មវិធីបុណ្យណូអែល ដែលរៀបចំឡើងរ៉ូយ៉ាល់ផ្លាទីនីម និងភ្នាក់អចលនទ្រព្យ Propnex Cambodai នៅការិយាល័យលក់ខុនដូ៉យ៉ាល់ផ្លាទីនីម លើផ្លូវ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៣ ខែធ្នូ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវ ដែលបានទិញខុនដូ និងអ្នកមិនទាន់បានទិញ និងដើម្បីអបអរឆ្នាំថ្មី ២០២២ផងដែរ។

លោកបន្តថា «អតិថិជនបច្ចុប្បន្នដោយសារតែកូវីដយើងមានខ្មែរ គាត់ទិញច្រើន តែមួយរយៈនេះ ភ្ញៀវក្រៅប្រទេស គាត់ចាប់ផ្តើមកក់ច្រើនហើយ ដូចអាទិត្យមុននេះ យើង booking បាន៦យូនីត ពីខាងក្រៅប្រទេសមកដែលយើងប្រើប្រាស់ តាមប្រព័ន្ធឌីជីថល គឺគាត់ចូលទៅក្នុងវេបសាយរបស់យើង http://www.royal-platinum.com/ អីចឹងគាត់អាចយូនីតរបស់យើងបែបណា គាត់អាចចូលទៅក្នុងវេបសាយហ្នឹង គាត់អាច book ខ្លួនគាត់។ អ្វីដែលសំខាន់យើងផ្តល់ភាពងាយស្រួល ឱ្យអតិថិជនបើទោះបីជាគាត់មិនបានហោះចូលស្រុកខ្មែរមែន តែគាត់អាចកក់តាមអនឡាញ ដោយសារទី១ គាត់ឃើញគម្រោងយើងនៅក្នុងតំបន់មានសក្តានុពល និងទី២ គាត់ឃើញការឌីហ្សាញរបស់យើងជារបៀបសិង្ហបុរី។»

លោកបានបន្ថែមថា មិនខុសពីគម្រោងខុនដូផ្សេងៗនោះទេ ក្នុងឆ្នាំ២០២១នេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ការលក់ខុនដូបស់រ៉ូយ៉ាល់ផ្លាទីនីម ក៏ជួបបញ្ហាការលក់ធ្លាក់ចុះផងដែរ ដោយក្នុងមួយខែអាចលក់បានប្រមាណពី២ ទៅ៥ យូនីតប៉ុណ្ណោះ ខណៈមុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ អាចលក់បានប្រមាណពី១០ទី២០យូនីត ក្នុងមួយខែ។

ខុនដូយ៉ាល់ផ្លាទីនឹម មានចំនួន៨៥១យូនីត និងមានហាងពាណិជ្ជកម្មចំនួន ៥០យូនីត។ មកទល់បច្ចុប្បន្ននេះ ខុនដូយ៉ាល់ផ្លាទីនឹម បានសម្រេចការសាងសង់បានប្រមាណ៤០%ហើយ ពោលគឺការសាងសង់សម្រេចគ្រោងឆ្អឹង បានដល់ជាន់ទី៩ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២២ខាងមុខ។

លោក គួច លេងឃាង បានលើកឡើងថា បើទោះបីជា ការរាតត្បាតនៃជំងឺកូវីដ១៩ បង្កផលប៉ះពាល់ដល់ទីផ្សារខុនដូក៏ដោយ ប៉ុន្តែគម្រោងសាងសង់របស់ខុនដូយ៉ាល់ផ្លាទីនឹម នៅតែដំណើរការធម្មតា ដោយសារតែគម្រោងខុនដូនេះ មានដើមទុនគ្រប់គ្រាន់ សម្រាប់ធ្វើការសាងសង់ ក្រោមការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនរបស់សឹង្ហបុរី ហុង ឡៃហួត។ បច្ចុប្បន្ននេះ ខុនដូយ៉ាល់ផ្លាទីនឹម លក់ហាងពាណិជ្ជកម្មបានប្រមាណ៦០% និងបន្ទប់ខុនដូប្រមាណ ១៥%៕