(មេនឆេស្ទើ)៖ Manchester City ដែលជាក្រុមការពារតំណែងជើងឯក Premier League នោះ បានបន្តនាំមុខកំពូលតារាងដាច់ ៦ពិន្ទុ ក្រោយពេលយកឈ្នះគូប្រជែង Leicester City ក្នុងលទ្ធផល ៦-៣ ក្នុងលីគនៃសប្តាហ៍ទី១៩ បញ្ចប់ជើងទី១ នេះ។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Pep Guardiola នោះ បានកើនពិន្ទុដល់ ៤៧ពិន្ទុនៅពេលក្រុមលេខ២ ហង្សក្រហម Liverpool មាន ៤១ពិន្ទុនៅសល់ ១ប្រកួតក្នុងដៃ ពេលពន្យារពេលប្រកួតទល់នឹង Leeds United ដោយសារជំងឺកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅប្រទេសអង់គ្លេស។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Raheem Sterling រកបាន ២គ្រាប់ផងដែរ ក្នុងចំណោម ៦គ្រាប់ជ័យជម្នះរបស់ក្រុមមេឃខៀវ City មានន័យថា រូបគេរកបានគ្រាប់បាល់ក្នុងចំណោមជ័យជម្នះ ៤ប្រកួតជាប់ៗផងដែរនៅ Premier League គិតចាប់តាំងពី Sterling ធ្លាប់ធ្វើបានដំបូងកាលខែកញ្ញា ឆ្នាំ២០១៧ មក។

តែយ៉ាងណា វាហាក់ដូចជាមិនសូវជាភ្ញាក់ផ្អើលប៉ុន្មាននោះទេ នៅពេលតំបន់ប្រយុទ្ធរបស់ City ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងរកបាន ២៤គ្រាប់ផងដែរក្នុងជ័យជម្នះចុងក្រោយនេះ ក៏រួមបញ្ចូលទាំងការបំបាក់ Leeds United ៧-០ ផងដែរនៅ Premier League៕