(ភ្នំពេញ)៖ លោក សោម សុទ្ធ នាយកអនុវិទ្យាល័យវត្តដំបូកខ្ពស់ បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការជំរុញសិស្សានុសិស្សរបស់ខ្លួន ចូលរួមយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្របតាមចក្ខុវិស័យ ៥ចំណុចដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្មីៗ។

ការគូសបញ្ជាប់នេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅសាលារបស់លោកកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងអំពីគុណតម្លៃ និងចលនាអូឡាំពិក ដល់សិស្សានុសិស្សជាច្រើន ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣។

លោក សោម សុទ្ធ សប្បាយរីករាយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីនេះ ជាលើកទី២ នៅសាលារបស់ខ្លួនធ្វើឲ្យសិស្សានុសិស្ស សប្បាយរីករាយជាមួយការស្វែងយល់អំពីចំណេះដឹងពាក់ព័ន្ធនឹងកីឡា ពិសេសការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ដែលសាលាបាននឹងកំពុងជំរុញពួកគេឲ្យចូលរួមលេងកីឡា ស្របតាមប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី «ប្រជាជនម្នាក់ លេងកីឡាមួយមុខ»

លោកថា «ពួកគាត់ចង់ចូលរួមច្រើនណាស់ ប៉ុន្តែខ្ញុំបានដកចេញខ្លះ ដោយសារក្នុងបរិបទកូវីដ-១៩ ការចូលរួមត្រូវបានកំណត់ចំនួន។ ខ្ញុំពិតជាត្រេកអរចំពោះការបង្រៀនរបស់ក្រុមគ្រូឧទ្ទេសមកពី NOCC ហើយខ្ញុំនឹងត្រៀមសិស្សានុសិស្សទាំងអស់ចូលរួមគាំទ្រយុទ្ធនាការជាតិ និងការលេងកីឡាម្នាក់ឲ្យបានមួយមុខ ដើម្បីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់យើងឲ្យទទួលបានជោគជ័យ»

គួរដឹងថា នេះគឺជាលើកទី៣ ហើយ ដែល NOCC បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ក្នុងឆ្នាំ២០២១ នេះ បន្ទាប់ពីរៀបចំ ២លើកមុននៅខេត្តកែប និងវិទ្យាល័យឬស្សីកែវ។ តាមគម្រោងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបន្ដរៀបចំកម្មវិធីនេះ នៅតាមគ្រឹះស្ថានអប់រំមួយចំនួនទៀត ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ ដើម្បីផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕