(កំពង់ឆ្នាំង)៖ កន្លែងលំហែកាយ «ទឹកចេញភូមិយើង» ដែលជាទីតាំងទេសចរណ៍ធម្មជាតិ ទើបតែបង្កើតថ្មី ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ជាប់រមណីយដ្ឋានទឹកធ្លាក់ជ្រាវជើងភ្នំឱរ៉ាល់។ ទឹកចេញភូមិយើង បានប្រកាសស្វាគមន៍ភ្ញៀវទេសចរ ដែលចូលចិត្តដើរព្រៃ ទៅបោះតង់សម្រាកកម្សាន្តពេលយប់ មុជទឹកជ្រោះទឹកធ្លាក់ជ្រាវ និងជិះគោយន្តលេងកម្សាន្ត ក៏ដូចជាឡើងទៅលេងទឹកធ្លាក់ ៧ជាន់ និងគយគន់ព្រៃព្រឹក្សាយ៉ាងសប្បាយរីករាយ។

ចេញដំណើរពេលព្រឹកព្រលឹម អ្នកទេសចរអាចគយគន់ព្រះទិនករទើបរះ អមកំពូលភ្នំ រំលេចជាមួយព្រៃព្រឹក្សា និងបញ្ចាំងពណ៌ក្រហមព្រឿងៗ គួរឲ្យចាប់អារម្មណ៍ក្រៃលែង។ អ្នកទេសចរ ថែមទាំងអាចស្តាប់សំឡេងបក្សាបក្សីយំ ខណៈខ្យល់បក់រវិចៗ ញ៉ាំងឲ្យអារម្មណ៍សប្បាយរីករាយជាពន់ពេក។

លោក សុខ ជា អ្នកគ្រប់គ្រងកន្លែងលំហែកម្សាន្ត ទឹកចេញភូមិយើង បានឲ្យដឹងថា ទីតាំងនេះមានចម្ងាយជាង ៣០គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស និងមានចម្ងាយប្រមាណជាង ៨០គីឡូម៉ែត្រ ពីស្រុកឧត្ដង្គ។ ប្រសិនបើភ្ញៀវទេសចរ ទៅងូតទឹកលេងកម្សាន្តនៅទឹកជ្រោះជ្រាវជាប់ជើងភ្នំឱរ៉ាល់ ពួកគេក៏អាចទៅលេងកម្សាន្តនៅតាំង ទឹកចេញភូមិយើង ដែលមានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ ខាងកើតរមណីយដ្ឋានទឹកធ្លាក់ចំការក្រូច។

លោកបានបន្តថា «កន្លែងលំហែកាយ ទឹកចេញភូមិយើង ទើបតែបង្កើតឡើងនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ នេះទេ ដែលអាចទទួលភ្ញៀវទេសចរ មកពីទីជិតឆ្ងាយដើម្បីមកបោះតង់ និងជិះគោយន្តដើរលេងកម្សាន្តក្នុងតំបន់មូលដ្ឋានដែលមានភ្នំព័ទ្ធជុំវិញ និងមានដងជ្រោះទឹកធ្លាក់ជ្រាវ សម្រាប់ងូតទឹកកម្សាន្តយ៉ាងសប្បាយរីករាយ ដែលពិតជាបានបន្ធូរអារម្មណ៍ អ្នកទេសចរជាក់ជាមិនខានឡើយ»

កន្លែងលំហែកាយ ទឹកចេញភូមិយើង មានសេវាលក់ដូរម្ហូបអាហារ និងភេសជ្ជៈនានា មានតន្ត្រីបុរាណ សម្រាប់កំដរអារម្មណ៍ភ្ញៀវទេសចរ ដែលបោះតង់លំហែកាយផងដែរ។ ក្នុងនោះ សេវាជួលតង់សម្រាកលេងកម្សាន្តក្នុង ១ថ្ងៃ ២ម៉ឺនរៀល ប៉ុន្តែបើមានតង់ខ្លួនឯង សេវាក្នុងទីតាំងលំហែកាយ ១ថ្ងៃ ១ម៉ឺនរៀល ហើយការយកតម្លៃ ១ម៉ឺនរៀលនេះ សម្រាប់ចំណាយទៅលើការបូមទឹកសម្រាប់ទុកជូនភ្ញៀវ និងសម្រាប់កម្លាំងប្រជាការពារ ដើម្បីរក្សាសន្តិសុខ។

លោក សុខ ជា បានបញ្ជាក់ទៀតថា បើភ្ញៀវទេសចរមិនសម្រាកលំហែកាយពេលយប់នោះទេ គ្រាន់តែចូលមកលេងកម្សាន្តជាធម្មតានោះ គឺមិនតម្រូវឱ្យបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះដែរ ទីតាំងលំហែកាយទឹកចេញភូមិយើង មានសេវាម្ហូប អាហារ ភេសជ្ជៈ តន្ត្រីបុរាណ កន្លែងហាត់ប្រាណ វាយប៊ូល និងលើកអាល់ទែរ សម្រាប់បម្រើតម្រូវការរបស់ភ្ញៀវទេសចរផងដែរ រួមទាំងមានបង្គន់អនាម័យ មានប្រជាការពារក្នុងមូលដ្ឋាន ការពារសន្តិសុខ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ២៤ម៉ោង។

ការបង្កើតកន្លែងលំហែកាយ ទឹកចេញភូមិយើង គឺដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលកន្លងមកពួកគាត់មានមុខរបរឡើងភ្នំកាប់ឈើលក់ចិញ្ចឹមជីវិតនោះ ប្រែក្លាយមកជាអ្នកបម្រើសេវាដឹកភ្ញៀវទេសចរតាមគោយន្ត ដើរកម្សាន្តលំហែកាយ និងជាអ្នកដាំចំការក្រូច ចម្ការមៀន ចំការចេកវិញ ដើម្បីចូលរួមទប់ស្កាត់ការកាប់បំផ្លាញដើមឈើតាមព្រៃភ្នំ។

បុរសអ្នកភូមិម្នាក់ ដែលជាអ្នកបើកគោយន្តដឹកភ្ញៀវទេសចរ ដើរលេងកម្សាន្ត បានឱ្យដឹងថា សេវាដឹកភ្ញៀវរបស់គាត់មិនកំណត់ថ្លៃឈ្នួលទេ គឺទៅតាមទឹកចិត្តរបស់ភ្ញៀវ។ ចំពោះការជូនភ្ញៀវដើរលេង គឺដើរលេងមើលទឹកជ្រោះជ្រលងដងអូរតាមព្រៃភ្នំ មើលចំការដំណាំនានារបស់អ្នកស្រុក និងក៏អាចមុជទឹកជ្រោះលេងកម្សាន្ត នៅលើភ្នំតំបន់ទឹកធ្លាក់ ៧ជាន់ យ៉ាងសប្បាយរីករាយផងដែរ។

ដូច្នេះប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន ទឹកចេញភូមិយើង អាចទៅសម្រាកលំហែកាយ លេងកម្សាន្ត ដើម្បីបង្កភាពរីករាយ និងស្រូបយកខ្យល់បរិសុទ្ធធម្មជាតិពិតៗ គឺមិនខុសបំណងនោះឡើយ។ លេខទូរសព្ទទំនាក់ទំនងទីតាំងតំបន់ទេសចរគឺ ០១៦ ៦៦ ៥៦ ០០៕