(ក្រុងឡុងដ៍)៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea បានធ្វើការរិះគន់ពីកម្មវិធីប្រកួតរបស់ Premier League នៅតែបន្តដដែល ក្នុងខណៈកូនក្រុមរងរបួសច្រើន និងបញ្ហាជំងឺរាតត្បាត COVID-19 ផងដែរ។

លោកថា កន្លងមកធ្លាប់ស្នើសុំឲ្យមានការពន្យារពេលប្រកួតខ្លះដែរ តែត្រូវបាន Premier League បដិសេធ មុនជំនួបលទ្ធផលស្មើគ្នា ០-០ និង Aston Villa ដែលក្រុមរបស់លោកបានយកឈ្នះ ៣-១ នៅរាត្រីថ្ងៃអាទិត្យម្សិល ក៏ព្រោះកីឡាកររបស់លោកមានរបួសច្រើន និងឆ្លងរោគកូវីដ-១៩ ជាដើម។

បុរសសញ្ជាតិអាល្លឹម៉ង់ Tuchel បានថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតយប់មិញថា «វាមិនយុត្តិធម៌ឡើយសម្រាប់យើងដែលសម្រាកនៅលើគ្រែ ១០ថ្ងៃមកលេងទល់នឹងក្រុមដែលមានត្រៀមខ្លួនរួចរាល់ ដោយសារតែការពន្យារពេលកន្លងមក ជាពិសេស ១សប្តាហ៍មកហើយ។ ពួកគេបង្ខំឲ្យយើងលេងគ្រប់ពេល ទោះបីស្ថិតក្នុងកូវីដ-១៩ និងមានកីឡាកររបួសច្រើនក៏ដោយ»

Tuchel ដែលដឹកនាំ Chelsea ឈ្នះជើងឯក UEFA Champions League រដូវកាលមុននោះ មានការខកចិត្តចំពោះ ការប្រកួតឥតល្ហែធ្វើឲ្យក្រុមរបស់លោកត្រដាបត្រដួសជាខ្លាំង ដ្បិតតោខៀវមិនសមស្ថិតក្នុងចំណាត់ថ្នាក់ដែលខ្លួនតាំងនៅបច្ចុប្បន្ននេះទេ ដ្បិតលីគធំៗនៅអឺរ៉ុប មានការប្តូរកីឡាករបានដល់ទៅ ៥នាក់ក្នុង ១ប្រកួតខុសពីអង់គ្លេសដោយរក្សាតែ ៣នាក់ដដែលស្ថិតក្នុងវិបត្តិកូវីដ-១៩ នេះ។

ដូចគ្នានោះដែរ លោក Gary McAllister ជំនួយការរបស់អ្នកចាត់ការ Steven Gerrard ដែលបានឆ្លងកូវីដ-១៩ ក៏បានថ្លែងក្រោយចប់ការប្រកួតផងថា «ការប្តូរបាន ៥នាក់ក្នុង ១ប្រកួតនោះ វាជារឿងចាំបាច់ត្រូវធ្វើនៅពេលនេះ»

Chelsea បានបញ្ចប់ជើងទី១ របស់ពួកគេហើយនាយប់មិញនេះ ក្រោយឆ្លងកាត់ ១៩ប្រកួត ដោយឈរនៅលេខរៀងទី៣ បណ្តោះអាសន្នជាមួយ ៤១ពិន្ទុស្មើនឹងក្រុមលេខ២ Liverpool និងមានគម្លាត ៦ពិន្ទុពីក្រុមកំពូលតារាង Manchester City គ្រាដែល Aston Villa ឈរនៅលេខ១១ មាន ២២ពិន្ទុ៕