(កូរ៉េ)៖ ក្រុមចម្រៀង K-POP នារី TWICE បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីចេញការបញ្ជាក់ជាផ្លូវការថា នឹងទៅប្រគំតន្ត្រីនៅ Tokyo Dome ប្រទេសជប៉ុន នាពេលខាងមុខនេះ ដែលជាការប្រគំតន្ត្រីលើកដំបូងហើយរបស់ពួកគេនៅជប៉ុន ក្នុងរយៈពេល២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ការចេញទៅប្រគំតន្រ្តីនេះ ត្រូវបានគេចាត់ទុកថា ជាលើកទី៤ហើយរបស់ក្រុមចម្រៀងនារី TWICE សម្រាប់តន្រ្តីទេសចរណ៍របស់ពួកគេ។ ជាក់ស្តែងការប្រគំតន្ត្រីនៅជប៉ុននេះ នឹងធ្វើឡើងនៅថ្ងៃទី២៣-២៤ មេសា ឆ្នាំ២០២២ នៅ Tokyo Dome។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កន្លងទៅ TWICE បានជាប់ឈ្មោះជាក្រុមចម្រៀងនារីបរទេសដំបូង ដែលបានប្រគំតន្ត្រី Solo នៅ Tokyo Dome សម្រាប់រយៈពេលដ៏ខ្លីបំផុត និងធ្វើឲ្យប្រជាប្រិយភាពរបស់ក្រុមនេះ កាន់តែល្បីល្បាញជុំវិញពិភពលោក ទាក់ទាញអារម្មណ៍យុវវ័យស្នេហាវិស័យចម្រៀងមិនស្ទើរនោះទេ។

ក្រៅពីការប្រកាសប្រគំតន្រ្តីទេសចរណ៍នៅជប៉ុន បច្ចុប្បន្ននេះ ក្រុមចម្រៀង TWICE បានជោគជ័យក្នុងការប្រគំតន្រ្តីក្នុងស្រុក ដែលធ្វើឡើងនៅ KSPO Dome ទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៥-២៦ កន្លងទៅនេះ ហើយក្រុមនេះក៏មានគម្រោងទៅប្រគំតន្ត្រីទេសចរណ៍នៅអាមេរិកផងដែរ៕