(បរទេស)៖ ក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់វៀតណាម Vingroup មានបំណងប្រមូលដើមទុនឱ្យបានប្រមាណ ១,៥ពាន់លានដុល្លារ តាមរយៈការលក់មូលបត្របំណុល ក្នុងគោលបំណងជំរុញអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនជាមួយនឹងការបង្កើតរោងចក្រផលិតអាគុយថ្មី មុនពេលបង្ហាញខ្លួនដំបូងក្នុងទឹកដីសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Vingroup គ្រោងលក់ មូលបត្របំណុលរយ:ពេល ៥ឆ្នាំ ដើម្បីប្រមូលថវិកាក្នុងការផ្ដល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនផលិរថយន្តអគ្គិសនី VinFast ដែលបុត្រសម្ព័ន្ធ ដោយសង្ឃឹមថានឹងចុះបញ្ជីនៅសហរដ្ឋអាមេរិកបានក្នុងពេលឆាប់ៗខាងមុខនេះ ខណ:ដែលខ្លួនបានវិនិយោគទៅលើគម្រោងមួយនេះអស់ ៥ពាន់លានដុល្លាររួចទៅហើយ ហើយបើតាមការបញ្ជាក់ពីប្រភពក្នុងស្រុកបានឱ្យដឹងថា Vingroup នឹងឈានជើងចូលផ្សារហ៊ុនអាមេរិក ដ៏ដូចជាទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកនៅត្រីមាសទី៣ ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់វៀតណាម VinFast មួយនេះបានត្រៀមប្រកាសបង្ហាញរថយន្តចំនួន ៣ម៉ូដែលសម្រាប់មហាព្រឹត្តិការណ៍ CES 2020 នៅទីក្រុង Las Vegas ដែលវានឹងក្លាយជាដំណើរឈានជើងចូលទីផ្សារអាមេរិក និងអឺរ៉ុប ហើយអនុប្រធានក្រុមហ៊ុន Vingroup លោកស្រី Thai Thi Thanh Hai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រផលិតអាគុយ EV ថ្មីនឹងផ្តល់ផលិតផលគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ និងជំរុញចលនានៃបដិវត្តន៍ EV ឆ្លាតវៃកម្រិតពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Vingroup បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអចលនៈទ្រព្យ និងបានក្លាយជាអ្នកចំណូលថ្មីសម្រាប់ឧស្សាហកម្មរថយន្ត ដោយទើបតែចាប់ផ្តើមផលិតរថយន្តប្រើសាំងក្នុងខែមិថុនា ឆ្នាំ ២០១៩ ហើយនឹងដើរចេញពីអាជីវកម្ម ផលិតស្មាតហ្វូន និងទូរទស្សន៍ផងដែរ ដោយនឹងងាកមកផ្តោតសំខាន់លើអាជីវកម្មរថយន្ត ដែលជាមហិច្ឆតា ធំ របស់ខ្លួន៕