(ឡុងដ៏)៖ ជំនួបដណ្តើម ៣ពិន្ទុរបស់ក្លិបកាំភ្លើងធំ Arsenal ប៉ះជាមួយក្រុម Wolverhampton Wanderers ត្រូវបានសម្រេចពន្យារពេលហើយ ដោយសារករណីជំងឺ COVID-19 និងបញ្ហារបួសកីឡាករ ដែលធ្វើឲ្យក្លិបរហស្សនាម ចចកខ្មៅ (Wolves) បន្តស្នើសុំឲ្យមានការពន្យារពេលការប្រកួតនៃសប្តាហ៍ទី២០ នៃលីគអង់គ្លេស Premier League នាកីឡដ្ឋាន Emirates។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Wolves បានបន្តស្នើសុំពន្យារពេលការប្រកួត រវាងក្រុមទាំងពីរគ្រោងធ្វើឡើងនាថ្ងៃទី២៨ ខែធ្នូនេះ តែដោយសារការកើនឡើងបញ្ហា COVID-19 និងរបួសកីឡាករ ហើយនេះក្លាយជាការប្រកួតទី១៥ នៅលីគកំពូល Premier League ត្រូវបានពន្យារពេលក្នុងខែធ្នូ ឆ្នាំ២០២១ ខណៈក្លិប Wolves ដឹកនាំដោយលោក Bruno Lage មានដល់ទៅ ១៣នាក់វិជ្ជមាន COVID-19 និងមួយចំនួនមានរបួស។

បន្ទាប់ពីបំបាក់ Norwich City ក្នុងលទ្ធផល ៥-០ ក្លិបកាំភ្លើងធំ Arsenal រកបាន ៣៥ពិន្ទុ ក្រោយឆ្លងកាត់ ១៩ប្រកួតឈរនៅលេងរៀងទី៤ ហើយក្រុមចចកខ្មៅ Wolves រកបានត្រឹម ២៥ពិន្ទុ ពីការប្រកួតចំនួន ១៨លើក ឈរលេខ៨ ក្នុងតារាងបណ្តោះអាសន្ន ក្នុងនោះនៅប្រកួតបន្ទាប់ Arsenal ត្រូវប៉ះ Manchester City និង Liverpool តែលទ្ធផលការសម្រេចពន្យារពេល ឬបន្តការប្រកួតនៅមិនទាន់បង្ហាញនោះទេ។

ដោយឡែក ២ប្រកួតបន្ទាប់របស់ Wolves វិញដែលត្រូវប៉ះ Manchester United នៅក្នុងលីគកំពូល និងក្រុម Sheffield United នៅពាន FA Cup ស្ថិតក្នុងភាពមិនច្បាស់លាស់នៃការប្រកួតនោះផងដែរ៕