(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នេះបានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញ ៤ថ្ងៃចាប់ពីថ្ងៃទី២៣-២៦ ខែធ្នូកន្លងទៅ ដោយទទួលបានផ្លែផ្កាដ៏គាប់ប្រសើរទាំងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីចូលរួម ក៏ដូចជាការឧបត្ថម្ភគាំទ្រពីសប្បុរសជន និងវិស័យឯកជន។

អគ្គលេខាធិការដដែលបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៨១នាក់ គឺមានការកើនឡើងច្រើន បើធៀបនឹងឆ្នាំ២០២០ អំឡុងវិបត្តិកូវីដ-១៩ គឺមានអ្នកចូលរួមត្រឹម ៤០នាក់ប៉ុណ្ណោះ។ ចំពោះកម្រិតបច្ចេកទេសប្រកួតវិញ ក៏មានការកើនឡើងខ្លាំងដែរ ទាំងកីឡាករ-កីឡាការិនី គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយការប្រកួតចាញ់-ឈ្នះដោយសន្លប់ ក៏បានកាត់បន្ថយដែរ។

ចំពោះការឧបត្ថម្ភគាំទ្រវិញមានសប្បុរសជន និងវិស័យឯកជនច្រើនបានចាប់អារម្មណ៍ និងឧបត្ថម្ភគាំទ្រដល់ការប្រកួត ក៏ដូចជាកីឡាករ-កីឡាការិនីបន្ថែមលើការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈនេះលោកបានចាត់ទុកការឧបត្ថម្ភនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកចម្រើន និងឆ្ពោះទៅរកជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សម្រាប់ពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិខាងលើ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ឈឹម សារ៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយលោកក៏បានឧបត្ថម្ភថវិកា ១០លានរៀលផងដែរ។ ចំពោះលទ្ធផលបច្ចេកទេសនៃការប្រកួតលើវិញ្ញាសាចំនួន១០ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈរលេខ១ ដោយដណ្ដើមបានមេដាយច្រើនជាងគេសរុប ៧គ្រឿង រួមមានមេដាយមាស ៥, ប្រាក់ ១ និងសំរឹទ្ធ តាមពីក្រោយដោយក្លិបគុជសាសរមានរិទ្ធ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១។

ដោយឡែកខេត្តកណ្ដាល និងខេត្តរតនៈគិរី ឈរលេខ៣ ស្ទួន ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ដូចគ្នា។ រីឯក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក និងក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាស ១គ្រឿងដូចគ្នា។ ក្រៅពីនេះ ក៏មានសមាគម/ក្លិបចំនួន ១២ទៀត ក៏ដណ្ដើមបានមេដាយប្រាក់ និងមេដាយសំរឹទ្ធផងដែរ៕