(កូរ៉េ)៖ តារាចម្រៀង៣នាក់ ក្នុងក្រុម K-POP ល្បីឈ្មោះ BTS ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីពួកគេបានទៅដល់ទឹកដីប្រទេសកូរ៉េខាងត្បូងវិញ ក្រោយពីបញ្ចប់ការសម្តែងនិងប្រគំតន្រ្តីនៅអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ABC News។

បើតាមផលិតកម្មរបស់ BTS គឺ Big Hit Music បានឲ្យដឹងថា បន្ទាប់ពីធ្វើតេស្ត PCR, លោក RM និង Jin មានលទ្ធផលវិជ្ជមានកូវីដ-១៩ ពោលគឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកម្នាក់ គឺ Suga បញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ បើតាមផលិតកម្មបានឲ្យដឹងថា សមាជិកទាំង៣នាក់ក្នុងក្រុម BTS គឺ RM, Jin, និង Suga បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២រួចហើយ កាលពីខែសីហាកន្លងទៅ។

បើតាមការបញ្ជាក់ពីផលិតកម្ម បានឲ្យដឹងថា Suga បានចេញពីអាមេរិកមកដល់កូរ៉េ នៅថ្ងៃទី២៣ ខែធ្នូ និងបានតេស្តអវិជ្ជមានមុនពេលចេញដំណើរមកកូរ៉េ។ តែយ៉ាងណា អំឡុងពេលធ្វើចត្តាឡីស័កនៅកូរ៉េ លោកក៏តេស្តឃើញវិជ្ជមានកូវីដ-១៩។ សម្រាប់ RM វិញ បានត្រឡប់មកដល់កូរ៉េ នៅថ្ងៃទី១៧ ខែធ្នូ និងបានធ្វើចត្តាឡីស័កជាច្រើនថ្ងៃមកហើយ ប៉ុន្តែក៏ស្រាប់តែតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅពេលដល់ថ្ងៃបញ្ចប់ការធ្វើចត្តាឡីស័ក។

ងាកមកសមាជិកម្នាក់ទៀត គឺ Jin បានត្រឡប់មកដល់កូរ៉េ នៅថ្ងៃទី០៦ ខែធ្នូ និងបានធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលនៅប្រទេសកូរ៉េ។ លោកបានតេស្តអវិជ្ជមានកូវីដ-១៩ ដល់ទៅ២ដង មុនពេលបញ្ចប់ការធ្វើចត្តាឡីស័ក ប៉ុន្តែនៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ស្រាប់តែមានរោគសញ្ញាផ្តាសសាយ ហើយក៏តេស្តឃើញវិជ្ជមានកូវីដ-១៩ តែម្តង។

គួរជម្រាបថា មានការចូលរួមពីអ្នកទស្សនាជាង ២សែននាក់ ការប្រគំតន្ត្រីនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ គឺជាការប្រគំតន្ត្រីជាលើកដំបូងរបស់ក្រុម BTS នៅអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៩មក ហើយក៏ជាការប្រគំតន្ត្រីផ្ទាល់ជាលើកដំបូងរបស់ពួកគេដែរ ក្រោយផ្ទុះជំងឺរាតត្បាតកូវីដ១៩៕