(ម៉ាទ្រីដ)៖ កីឡាករបាល់ទាត់លំដាប់អន្តរជាតិរបស់អេស្ប៉ាញ Ferran Torres ខិតជិតសម្រេចការចុះកិច្ចសន្យាជាលើកទី២ លេងឲ្យក្លិប FC Barcelona សម្រាប់រដូវកាលផ្ទេរកីឡាករ នៅខែមករាខាងមុខ បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យសុខភាពរបស់លោក នៅមន្ទីរពេទ្យនាទីក្រុង Barcelona នាព្រឹកថ្ងៃចន្ទនេះ មុនការផ្ទេររបស់លោក ចេញពីក្លិប Manchester City, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងសម្រេចការវិលត្រឡប់របស់លោក ទៅកាន់ប្រទេសអេស្ប៉ាញវិញ នៅថ្ងៃអង្គារ ឬថ្ងៃពុធ ជាមួយនឹងតម្លៃខ្លួនប្រមាណ៦០លានអឺរ៉ូ លើសពី២០លានអឺរ៉ូ ដែល Manchester City បានចំណាយឲ្យក្លិប Valencia ដើម្បីយកកីឡាករ Torres ទៅលេងនៅកីឡដ្ឋាន Ethiad Stadium កាលពីរដូវក្តៅ ឆ្នាំ២០២០។

Torres បានបង្ហាញខ្លួន៤៣ប្រកួត សម្រាប់ក្លិប Manchester City ដែលដឹកនាំដោយលោក Pep Guardiola, ស៊ុតបញ្ចូលទីបាន១៦គ្រាប់។ យ៉ាងណាមិញ លោកមិនអាចប្រកួតបាននោះទេ ចាប់តាំងពីខែតុលាមក បន្ទាប់ពីមានបញ្ហារបួសកជើង ក្នុងការប្រកួតឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ប៉ះជាមួយក្រុមបារាំង៕