(ភ្នំពេញ)៖ ក្រុមហ៊ុន ភូមិ ឌីជីថល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវកម្មវិធី App Phum Aircon ដែលជាកម្មវិធីក្នុងទូរស័ព្ទដៃ ដែលផ្តល់សេវាកម្មថែរទាំម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់នៅកម្ពុជា ដែលបានរៀបចំឡើងនៅទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន ជីហ្គៀ គ្រុប ។

App Phum Aircon គឺជាទម្រងបែបឌីជីថលដំបូងគេបង្អស់នៅកម្ពុជា ក្នុងការផ្តល់សេវាកម្មផ្គូរផ្គងរវាងជាងជួលជុលម៉ាស៊ីនត្រជាក់ និងអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយផ្តោតលើគោលការណ៍ចំនួនបីសំខាន់ៗគឺ៖ ភាពម៉ត់ចត់លើការផ្ទៀងផ្ទាត់គុណភាព នឹងប្រសិទ្ធភាពសំរាប់ជាងជួសជុល, តម្លាភាព និងសុវត្ថិភាពក្នុងការទូទាត់ប្រាក់
, ផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។

លោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុន ជីហ្គៀ គ្រុប បានឱ្យដឹងថា សម័យឌីជីថលនេះប្រជាជនប្រមាណ ៩០% បានប្រើប្រាស់ Smart Phone ដោយពួកគាត់ចេះកម្ម៉ង់ អាហារ ហៅ taxi និងចេះប្រើប្រាស់កម្មវិធីវេលុយយ៉ាងស្ទាត់ ហើយបច្ចុប្បន្នមនុស្សម្នាក់ៗប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំសឹងតែ ២៤ម៉ោងក្នុងមួយថ្ងៃ ដូច្នេះហើយ ទាមទារឱ្យមានការថែរទាំលើម៉ាស៊ីនត្រជាក់ជាប្រចាំ។

ដោយយល់ឃើញពីតំលៃពិត និងតម្រូវការជាក់ស្តែងនេះក្រុមហ៊ុន ភូមិ ឌីជីថល បានប្រកាសដាក់ឱ្យដំណើរការសាកល្បងនៅ App Phum Aircon ដែលមានអត្ថ ប្រយោជន៍ដល់អ្នកប្រើប្រាស់ ផ្តល់ភាពងាយស្រួល និងកក់ក្តៅសម្រាប់អតិថិជនក្នុងការស្វែងរកអ្នកបច្ចេកទេសដែលមានទំនួលខុសត្រូវខ្ពស់ គុណភាពល្អ សេវាកម្មល្អ ច្បាសលាស់ និងទុកចិត្ត ។ ក្រុមហ៊ុនក៏បានចូលរួមចំណែកចងក្រងក្រុមបច្ចេកទេស និងពង្រឹងចំណេះជំនាញ ការផ្តស់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ។

លោកអគ្គនាយក ក្រុមហ៊ុន ភូមិ ឌីជីថល បានបន្ថែមថា ក្រុមហ៊ុនបានផ្ដួចផ្តើមឡើងក្នុងគោលបំណងបង្កើតផលិតផល ឫសេវាកម្ម ដែលអាចសម្រួលដល់ការរស់នៅ ប្រចាំថ្ងៃ ជួយដោះស្រាយបញ្ហាក្នុងសង្គម ក៏ដូចជារួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជម្រុញសេវាកម្ម តាមបែប Digital ដែលមានការឆ្នៃប្រឌិតខ្ពស់។ ដោយជាងម៉ាស៊ីនត្រជាក់មួយចំនួនធំនៅធ្វើអាជីវកម្មតាមបែបលក្ខណៈគ្រួសារ នៅមានចន្លោះខ្វះខាតមិនអាចជួសជុលម៉ាស៊ីនត្រជាក់ទំនើបៗបាន និងមិនមានបទដ្ឋាន គុណភាព និងសុវិត្ថភាពការងារ ដែលពិបាកក្នុងការឈានជើងចូលក្នុងទីផ្សារការងារនៅក្នុងបុរី អាផាតមិន និងអគារពាណិជ្ចកម្មផ្សេងៗមួយចំនួនបាន។

ក្នុងការប្រកាសបើកដំណើរការសាកល្បងកម្មវិធី Phum Aircon App នេះបានភា្ជប់មកជាមួយនឹងការផ្តល់ជូនជាពិសេសដោយមិនគិតកម្រៃជើងសារពីក្រុមជាងដែល ជាដៃគូររហូតដល់បំណាច់ខែ មីនា ២០២២ ព្រមទាំងទទួលបានការចូលរួមសិក្ខាសាលា ស្តីអំពីរបៀបប្រើប្រាស់ Phum Aircon App សិក្សាលក្ខខណ្ឌតិកៈផ្សេងៗ ក្នុងការទទួលចុះឈ្មោះ ការចុះកិច្ចព្រមព្រៀងដើម្បីទទួលបានសិទ្ធធ្វើជាដៃគូរសហការ លើកម្មវិធី Phum Aircon App ព្រមទាំងទទួលបាន ការបណ្តុះបណ្តាល វិជ្ជាជីវៈបន្ថែមពីក្រុមអ្នកជំនាញទាំងបច្ចេកវិទ្យា និងបច្ចេកទេស ក្នុងការអភិវឌ្ឍន៍ចំណេះដឹងផលិតផល ឬសេវាកម្មបន្ថែមទៀតផង។

រាល់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 023 527 2727 ៕