(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅស្តីក្លិប Manchester United លោក Ralf Rangnick បានបញ្ជាក់ថា រូបលោកមិនពេញចិត្តចំពោះទម្រង់លេងរបស់កូនក្រុម ដែលលេងបានស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Newcastle United បន្តិចសោះឡើយ ដ្បិតត្រូវប៉ះក្រុមដែលកំពុងត្រដាបត្រដួសផងនោះ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានថ្លែងប្រាប់ Sky Sports ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ថ្ងៃនេះយើងធ្វើមិនបានល្អឡើយ ដែលអាចទាក់ទងនឹងថាមពល កាយសម្បទាផងដែរ។ នេះពុំមែនជាអ្វីដែលពួកយើងចង់បាននោះទេ ក៏ព្រោះតែអ្នកត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ជាមុនសិន ក្នុងការទទួលបានជ័យជម្នះ»

លោកថា «បញ្ហាដ៏ធំរបស់ពួកយើង គឺជាកំហុសដែលយើងបានបង្កើតឡើង បើទោះបីជាយើងធ្វើបានគ្រាប់តាមស្មើក៏ដោយ វាមិនទាន់គ្រប់គ្រាន់ក្នុងការគ្រប់គ្រងការប្រកួត និងជាបំណងដែលយើងគ្រប់គ្នាចង់បាននោះទេ។ ខ្ញុំនៅតែមិនអស់ចិត្តចំពោះទម្រង់លេងបែបនេះ»

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani បានចាកចេញពីកន្លែងអង្គុយកៅអីបម្រុង និងរកបានគ្រាប់តាមស្មើ ១-១ នៅវគ្គទី២ ឲ្យបិសាចក្រហម ក្រោយពី Allan Saint-Maximin រកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះសារិកាព្រៃ Newcastle United តាំងតែពីនាទីទី៧ មក ធ្វើឲ្យពួកគេបន្តឈរនៅលេខរៀងទី៧ ក្នុងតារាង Premier League ជាបណ្តោះអាសន្នដដែលជាមួយ ២៨ពិន្ទុ ដាច់ ៧ពិន្ទុពីក្រុម Top-4 កាំភ្លើងធំ Arsenal គ្រាដែល Newcastle ឈរនៅលេខ១៩ និងមាន ១១ពិន្ទុប៉ុណ្ណោះ៕