(ប៉ារីស)៖ Kylian Mbappe ខ្សែប្រយុទ្ធមកពីក្លិប Paris Saint-Germain រួមទាំង Robert Lewandoski សុទ្ធតែបង្ហាញក្តីបារម្ភដូចគ្នាចំពោះគម្រោងដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នឹងរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តងនោះ។

ថ្មីៗនេះ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA មានគម្រោងរៀបចំ World Cup ជារៀងរាល់ ៤ឆ្នាំមកនៅត្រឹម ២ឆ្នាំម្តងវិញ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ខាងលើ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ការកាត់បន្ថយឆ្នាំមកលេងត្រឹម ២ឆ្នាំម្តងនេះ នឹងបង្កើតប្រាក់ចំណូលបន្ថែមច្រើនជាង ៣.៣ពាន់លានផោនក្នុងរយៈពេល ៤ឆ្នាំ។

តែយ៉ាងណា កីឡាករវ័យ ២៣ឆ្នាំដែលធ្លាប់ឈ្នះជើងឯក World Cup 2018 ជាមួយបារាំងបានថ្លែងក្នុងកម្មវិធី Globe Soccer Awards ថា «World Cup គឺជា World Cup។ វាជាព្រឹតិ្តការណ៍ដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងរៀងរាល់ ៤ឆ្នាំម្តង។ ប្រសិនបើយើងរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តងវិញ យូរៗទៅអាចធម្មតា តែខ្ញុំចង់និយាយថា វាមិនងាយស្រួលឡើយ ដ្បិតកីឡាករគ្រប់រូបលេងជាង ៦០ប្រកួតក្នុង ១ឆ្នាំ និងមានឆ្នាំខ្លះ Euros, World Cup និងបច្ចុប្បន្នមាន Nations League ទៀត ធ្វើឲ្យកីឡាកររកតែពេលសម្រាកគ្មាន»

ដូចគ្នានោះដែរ Robert Lewandowski ប្រធានក្រុមជម្រើសជាតិប៉ូឡូញ និងលេងឲ្យក្លិប Bayern Munich ផងនោះ ក៏បានលើកហេតុផលស្រដៀងទៅនឹង Mbappe ដែរ និងថា កម្រិតខ្លាំងរបស់កីឡាករនឹងធ្លាក់ចុះ សម្រាប់ការប្រកួតដ៏មមាញឹកបែបនេះ ទាំងកាយសម្បទា និងសុខភាពផ្លូវចិត្តទៀតផង៕