(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កំពុងស្នើសុំគោលការណ៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដមន្ត្រី រដ្ឋមន្ត្រក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីរៀបចំសិក្ខាសាលាមួយ ស្ដីពីអភិបាលកិច្ចល្អ ដើម្បីជំរុញការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ ឲ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្ដ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូនេះ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា «សិក្ខាសាលាស្តីពីអភិបាលកិច្ចល្អនេះ នឹងធ្វើឲ្យកាន់តែមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ ក្នុងការងារប្រកបដោយទទួលខុសត្រូវខ្ពស់។ សិក្ខាលាលានឹងរៀបចំចងក្រងនូវក្រមសីលធម៌ដាក់ជូនដល់គណៈកម្មការជំនាញទាំងអស់ ក្រោមឱវាទ CAMSOC រួមទាំងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការអនុវត្តផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ឲ្យសម្រេចបានជោគជ័យ» ។

លោកថា កិច្ចការទាំងអស់នេះ គឺជាគោរពតាមគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដាក់ចេញនូវប្រតិទិនការងារសំខាន់ៗ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្មីៗ ដែលជាត្រីវិស័យតម្រង់ទិសឆ្ពោះទៅរកប្រសិទ្ធភាពការងារកាន់តែខ្ពស់ថែមទៀត បន្ថែមលើការងារអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី ដើម្បីប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «អ្វីដែលសំខាន់ ក្រៅពីការប្រកួតប្រជែងមេដាយ គឺថ្នាក់ដឹនាំជំរុញឲ្យយើងទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យការទទួលបដិសណ្ឋាកិច្ចភ្ញៀវ អត្តពលិកអន្តរជាតិប្រកបដោយកិត្តិយសជាតិ និងសេចក្តីថ្លៃថ្នូរ ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជានេះ»