(រីយ៉ូ)៖ ខ្សែបម្រើសញ្ជាតិប្រេស៊ីល Rafinha បានចូលរួមជាមួយក្លិបអេស្ប៉ាញ Real Sociedad ហើយក្នុងលក្ខខណ្ឌខ្ចីជើង ផ្ទេរមកពីក្លិបបារាំង Paris Saint-Germain រហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

Rafinha ដែលជាបងប្អូនបង្កើតរបស់ខ្សែបម្រើ Thiago Alcantara លេងនៅក្លិប Liverpool នោះ បានលើកឡើងថា លោកមានចិត្ត «រំភើប និងរីករាយជាខ្លាំង» ដែលបានចូលរួមជាមួយក្លិប Sociedad ជាក្លិបកំពុងស្ថិតនៅលំដាប់ទី៦ ក្នុងតារាង La Liga បច្ចុប្បន្ន។

កីឡាករវ័យ២៨ឆ្នាំដែលបានវិវឌ្ឍន៍ខ្លួនចេញពីក្រុមយុវជនរបស់ FC Barcelona ហើយបានលេងច្រើនក្នុងអាជីពរបស់លោកក្នុងប្រទេសអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួន ៣៩ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Paris Saint-Germain ចាប់តាំងពីចូលរួមជាមួយក្លិបបារាំងនេះក្នុងឆ្នាំ២០២០ មក។

Rafinha បានចូលរួមប្រកួត ២លើកឲ្យក្រុមជម្រើសជាតិសាំបាប្រេស៊ីល ហើយក៏ជាផ្នែកមួយនៃក្រុមដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Rio Olympics ក្នុងឆ្នាំ២០១៦ ផងដែរ៕