(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយាករណ៍មកថា គ្រោងនឹងប្រកាសបង្ហាញផលិតផលថ្មីគឺជាឧបករណ៍ AR/VR នៅក្នុងឆ្នាំ២០២២ ខណ:ដែលព័ត៌មានមួយនេះត្រូវបានលេចឮជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែសម្រាប់ពេលនេះអាចនឹងច្បាស់ព្រោះថា ថ្មីៗនេះ Apple ទើបជួយបានមេធំមួយរូបផ្នែកឧបករណ៍ AR/VR របស់ក្រុមហ៊ុន Meta (Facebook) ឱ្យមកធ្វើការជាមួយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Andrea Schubert គឺជាស្ត្រីខ្លាំង និងល្បីល្បាញម្នាក់ផ្នែកឧបករណ៍ AR ដោយថ្មីៗនេះ ត្រូវបានគេដឹងថា លោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Apple បន្ទាប់ពីលាឈប់ពីតំណែងទំនាក់ទំនង និងសាធារណៈ របស់ក្រុមហ៊ុន Meta។

យោងតាមជីវប្រវត្តិរបស់លោកស្រី Schubert បានឱ្យដឹងថា គាត់បានបម្រើការងារនៅក្នុងក្រុមហ៊ុន Meta ប្រមាណជា ៦ឆ្នាំ ដោយក្នុងនោះលោក គឺជាបុគ្គលសំខាន់មួយរូបដែលបានជួយជ្រោមជ្រែង និងបានបង្កើតនូវផលិតផល AR/VR របស់ Meta ដែលមានឈ្មោះថា Oculus ព្រមទាំងទទួលបានជោគជ័យខ្លាំងទៀតផង។

ពាក់ព័ន្ធនឹងឧបករណ៍ AR/VR គេនៅមិនួទាន់ទទួលបានព័ត៌មានច្បាស់ការ ឬព័ត៌មានលម្អិតឡើយ គ្រាន់តែដឹងថា ឧបករណ៍នេះគឺអាច ភ្ជាប់ ជាមួយនឹង iPhone និង Mac បាន ហើយគ្រោងនឹងប្រកាសបង្ហាញជាផ្លូវការនៅឆ្នាំ២០២២ខាងមុខនេះ៕