(ភ្នំពេញ)៖ ក្លិបអង្គរថាយហ្គឺរ បានប្រកាសចុះកុងត្រាសមាជិកថ្មីដំបូង គឺកីឡាករជនជាតិជប៉ុន Soh Narita ដែលផ្ទេរមកពីក្លិប Samut Prakan នៃលីគទី៣ ថៃ។ ខ្សែការពារកណ្ដាលនេះ គឺជាសមាជិកថ្មីដំបូងដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបបាននាំចូល ដើម្បីត្រៀមរដូវកាលថ្មី បន្ទាប់ពីពួកគេបានប្រកាសចែកផ្លូវជាមួយកីឡាករល្អៗជាច្រើនរូបកាលពីថ្មីៗ។

ក្រុមចំណាត់ថ្នាក់លេខ៦ ក្នុងលីគឆ្នាំ២០២១ នេះបានបញ្ជាក់ថា មុនផ្ទេរមកទឹកដីខេត្តសៀមរាប Soh Narita ធ្លាប់មានបទពិសោធន៍លេងឲ្យក្លិបមួយចំនួន ដូចជាក្លិប Eastern Suburbs នៅប្រទេសអូស្ដ្រាលី មុនចំណាយពេល ៣ឆ្នាំប្រកបអាជីពនៅប្រទេសអាល្លឺម៉ង់ ជាមួយក្លិប ASV Mettmann, Heiligenhaus, SC Staaken និង Düsseldorf-West នៃក្របខណ្ឌលីគលំដាប់ទី៥ និងទី៦ ហើយចុងក្រោយ គឺលេងឲ្យក្លិបលីគទី៣ ថៃ Samut Prakan កាលពីរដូវកាលឆ្នាំ២០២១ កន្លងទៅ។

ជាមួយវត្តមានរបស់ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះ អង្គរថាយហ្គឺរបានបង្ហាញនូវការសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា Soh Narita នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយក្រុមប្រកួតប្រជែងក្នុងពានរង្វាន់នានារដូវកាលឆ្នាំ២០២២ ខាងមុខ។

គួរដឹងថា មុនប្រកាសចុះកិច្ចសន្យាជាមួយកីឡាករកម្ពស់ ១.៩០ម៉ែត្រខាងលើ អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវជាមួយកីឡាករសំខាន់ៗ ៧រូបមកហើយ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២១ រួមមានកីឡាករ ឈង់ ប៊ុនណាត, ឡុង ភារ៉ាត់, ឡុង ម៉េងហេង, ខ្សែប្រយុទ្ធតុងហ្គា Ata Inia, ខ្សែបម្រើជប៉ុន Kosuke Uchida, កីឡាករបេឡារូស Maksim Taleyko និងខ្សែប្រយុទ្ធប្រេស៊ីល Da Cruz រួមទាំងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Orio Mohedano Segura ផងដែរ មុនតែងតាំងគ្រូបង្វឹកថ្មី លោក Alistair Heath ដែលជាអតីតគ្រូបង្វឹកក្រុមយុវជនក្លិប Leicester City៕