(បរទេស)៖ តារាចម្រៀងល្បីឈ្មោះក្នុងវិស័យ K-POP មានដើមកំណើតជាជនជាតិថៃ គឺ Lisa សមាជិកក្រុម BLACKPINK ត្រូវបាន TC Candler បញ្ជាក់ថា ក្លាយជាតារាស្រីមានទម្រង់មុខស្អាតដាច់គេលើលោក ប្រចាំឆ្នាំ២០២១ នេះ ខណៈតារាសម្តែង និងជាតារាម៉ូដែលប្រុសរបស់មីយ៉ាន់ម៉ា គឺលោក Paing Takhon ក្លាយជាបុរសសង្ហារបំផុតផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Time នៅថ្ងៃទី២៩ ខែធ្នូ ឆ្នំ២០២១។

តារាម៉ូដែលរបស់អ៉ីស្រាអែល ឈ្មោះ Yael Shelbia ដែលកាលពីឆ្នាំមុនឈរនៅលំដាប់កំពូល ក្នុងនាមនារីមានទម្រង់មុខស្អាតដាច់គេនោះ អីឡូវនេះបានធ្លាក់មកនៅលេខរៀងទី៦ ខណៈតារាចម្រៀង Lisa វ័យ២៤ឆ្នាំ ដែលឆ្នាំមុននៅលេខរៀងទី២ បានមកឈរនៅលំដាប់កំពូលលេខរៀងទី១វិញ ប្រចាំឆ្នាំ២០២១នេះ។

TC Candler ដែលជាគេហទំព័រផ្នែករិះរកតារាមានសម្រស់ស្អាតប្រចាំឆ្នាំនោះ គឺត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ខណៈតារាចម្រៀងដើមកំណើតថៃ Lisa មានឈ្មោះពេញថា Lalisa Manoban ឈរនៅលំដាប់កំពូលនោះ គឺតាមពីក្រោយដោយ Blogger ជនជាតិន័រវេស គឺ Emilie Nereng វ័យ២៦ឆ្នាំ ឈរនៅលេខ២ និងតារាម៉ូដែលកាត់ សូម៉ាលី-អាមេរិក វ័យ ២៤ឆ្នាំ ឈ្មោះ Halima Aden ឈរនៅលេខរៀងទី៣។

ងាកមកតារាប្រុសវិញ កាលពីឆ្នាំមុនត្រូវបានគេដឹងថា YouTuber ឈ្មោះ Felix Fjellberg បានឈរនៅលេខរៀងទីមួយ ជាប់ឈ្មោះជាតារាប្រុសដែលសង្ហារជាងគេលើលោក តែយ៉ាងណា សម្រាប់ឆ្នាំនេះ តំណែងនេះបានធ្លាក់ទៅលើតារាសម្តែង និងជាតារាម៉ូដែលរបស់មីយ៉ាន់ម៉ាវិញ គឺលោក Paing Takhon៕