(កំពត)៖ ដោយផ្អែកតាមទស្សនៈ នៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងដំណើរកម្សាន្ដប្រចាំឆ្នាំរបស់បុគ្គលិក និងដៃគូអាជីវកម្ម នៃក្រុមហ៊ុន «ម៉ានីហន ខេមបូឌា» រួមជាមួយដៃគូអាជីវកម្មរាប់សិបនាក់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចូលរួមក្នុងសកម្មភាពដាំកូនដើមកោងកាងសមុទ្រប្រមាណ១,៥០០ដើម នៅក្នុងតំបន់អភិរក្ស នៃសហគមន៍នេសាទត្រពាំងសង្កែ ដែលស្ថិតនៅក្នុងទីតាំងមាត់សមុទ្រ នៃឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ការដាំដើមកូនកោងកាងសមុទ្រ របស់ក្រុមហ៊ុន «នីហន ខេមបូឌា» រួមជាមួយដៃគូអាជីវកម្មខាងលើ ជាការចូលរួមចំណែកក្នុងកិច្ចការសង្គមមួយ ប្រកបដោយឆន្ទៈយ៉ាងប្រពៃក្នុងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា គោលបំណងក្នុងស្មារតីចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍដែនជំរកជីវៈចម្រុះ ដើម្បីប្រែក្លាយបែបអេកូទេសចរណ៍ ក្នុងការរួមចំណែកបង្កើនភាពទាក់ទាញ នៅតាមតំបន់ឆ្នេ ឱ្យមានភាពកាន់តែល្អប្រសើរឡើង ពិសេសការរួមចំណែកលើកកំពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមអ្វីដែលជាគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ៅ សុផានាគ អគ្គនាយក ក្រុមហ៊ុន «ម៉ានីហន ខេមបូឌា» ដែលដឹកនាំប្រតិភូ បានឱ្យដឹងថា សកម្មភាពនៃការដាំដើម កោងកាងពេលនេះ គឺជាផ្នែកមួយ ដើម្បីផ្សារភ្ជាប់នៃដំណើរកម្សាន្ត ប្រចាំឆ្នាំ សម្រាប់បុគ្គលិកក្រុមហ៊ុន «ម៉ានីហន ខេមបូឌា» ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការចែកចាយផលិតផលម៉ាហ៊ូ ដែលសកម្មភាពនេះតែងតែបានធ្វើជាបន្តបន្ទាប់ ក្នុងគោលបំណង ដើម្បីជួយជាប្រយោជន៍ដល់សហគមន៍ តាមរយៈសកម្មភាពផ្សេងៗ ក្នុងកិច្ចការជួយសង្គម។

លោកថា សកម្មភាពនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារបរិស្ថានធម្មជាតិ ឱ្យមាននិរន្តរភាព និងការពង្រីកដែនជម្រកជីវៈចម្រុះ ហើយម្យ៉ាងក៏ដើម្បីបង្កើនបានភាពទាក់ទាញដល់វិស័យទេសចរណ៍ធម្មជាតិ ក្នុងខេត្តប៉ែកនារតីមួយនេះផងដែរ។ ខណៈដោយឡែកខេត្តកំពត នៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាកថ្ងៃបុណ្យទិវាផ្សេងៗ មានភ្ញៀវទេសចរ មកកម្សាន្តលេងមានការកើនឡើង។

លោកអគ្គនាយកក្រុមហ៊ុន ក៏បានបញ្ជាក់ថា សម្រាប់សកម្មភាពពេលនេះដែរ ដើម្បីផ្សារភ្ជាប់ទៅនឹងដំណើរកម្សាន្តនេះទៀតសោត គឺមិនត្រឹមតែបង្កើតបាននូវអនុស្សាវរីយ៍ល្អៗ នឹងបង្កើនភាពស្និទ្ធស្នាលសប្បាយ រីករាយនៅក្នុងដំណើរកម្សាន្តនេះប៉ុណ្ណោះទេ ថែមទាំងបង្កើតបាននូវផលប្រយោជន៍ដល់សង្គមជាតិ លើការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍនៅតំបន់ឆ្នេរ សម្រាប់ប្រជានេសាទក្នុងសហគមន៍ទៀតផង។

សកម្មភាពទាំងនេះ គឺជាការបង្ហាញជាគំរូនៃការឆ្លុះបញ្ជាំង អំពីវប្បធម៌ ចែករំលែករបស់វិស័យឯកជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់សហគមន៍ ជាពិសេសការជួយដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានបៃតង ឱ្យមាននិរន្តរភាពរបស់ប្រទេសកម្ពុជាយើងផងដែរ៕