(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ បានចាប់ឆ្នោតបែងចែកពូលរួចហើយ ដោយបែងចែកជា ៣ពូលលើកដំបូង ក្នុងប្រវត្តិសាស្រ្ដពានប្រចាំតំបន់នេះ ដ្បិតកន្លងមកមានតែ ២ពូលប៉ុណ្ណោះ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានរៀបចំពិធីចាប់ឆ្នោតប្រកួតជើងឯកយុវជនប្រចាំតំបន់នេះ នៅប្រទេសសិង្ហបុរីនាថ្ងៃទី២៩ ខែធ្នូនេះ ដោយលទ្ធផលក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុម U23 ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ រីឯពូល C ប្រជុំសុទ្ធតែក្រុមខ្លាំងៗរួមមានថៃ វៀតណាម និងសិង្ហបុរី។

ចំពោះរូបមន្ដប្រកួត នឹងត្រូវប្រើប្រព័ន្ធប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមឈរចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមជាមួយក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេ ក្នុងចំណោម ៣ពូលខាងលើ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបន្ដការប្រកួតប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ក៏ដូចជាជើងឯក AFF U23 Championship 2022។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នេះក៏ជាលើកដំបូងផងដែរ ដែលពានរង្វាន់យុវជនប្រចាំតំបន់នេះ មានប្រទេសចូលរួមច្រើន រហូតដល់ ១១ប្រទេស ដ្បិតការប្រកួត ២លើកកន្លងមក ពោលគឺកាលពីឆ្នាំ២០០៥ និងឆ្នាំ២០១៩ ព្រឹត្តិការណ៍នេះ មានបេក្ខភាពចូលរួមតែ ៨ប្រទេសប៉ុណ្ណោះ។

ចំពោះការប្រកួតនៅកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នឹងប្រើប្រាស់ទីលានចំនួន២ រួមមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ដ្រអស្ចារ្យសម្រាប់ត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទើបសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ និងមួយទៀត គឺកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា៕