(មេនឆេស្ទើ)៖ Manchester City ដែលជាក្រុមការពារតំណែងជើងឯកលីគនោះ បានកើនគ្រាប់ស៊ុតចំនួន ១១៣គ្រាប់ហើយនៅ Premier League ប្រចាំឆ្នាំ២០២១ នេះ ក្លាយជាក្រុមទី១ គិតចាប់តាំងពីឆ្នាំ១៩៦០ មក។

ខ្សែប្រយុទ្ធវ័យក្មេង Phil Foden ជាអ្នកស៊ុតគ្រាប់ជ័យជម្នះ ១-០ ទៅលើគូប្រកួត Brentford នៅពេលទទួលបានពីមិត្តរួមក្រុម Kevin De Bruyne នៅនាទី១៦ ដែលជាគ្រប់ទី៥ នៅ Premier League របស់កីឡាករអន្តរជាតិអង់គ្លេសផងដែរ និងគ្រាប់ទី២ ដោយកីឡាករ Aymeric Laporte ទៀតនៅនាទីចុងម៉ោង តែត្រូវបាន VAR បដិសេធ។

នេះមានន័យថា ក្រុមរបស់លោក Pep Guardiola រកបាន ៥០ពិន្ទុក្នុងសប្តាហ៍ទី២០ របស់ពួកគេ បន្តាំមុខក្រុមលេខ២ តោខៀវ Chelsea ៨ពិន្ទុពីតំណែងកំពូលតារាង ដ្បិតក្រុមរបស់លោក Thomas Tuchel រកបានតែ ១ពិន្ទុក្នុងផ្ទះ ពេលលេងស្មើទល់នឹង Brighton នៅយប់មិញនេះដូចគ្នា គ្រាដែល Brentford បន្តឈរនៅលេខ១៤ ជាមួយ ២០ពិន្ទុ និងមាន ៩ពិន្ទុដាច់ឆ្ងាយពីតំបន់កាត់ចោល។

City បានលេងឈ្នះគ្រប់ការប្រកួតនៅ Premier League ប្រចាំខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការស៊ុតបញ្ចូលទីគូប្រកួតបាន ២៤គ្រាប់ និងរបូតវិញតែ ៥គ្រាប់ប៉ុណ្ណោះ នៅសល់ ១៨ប្រកួតទៀតនឹងបិទការប្រកួតរដូវកាលឆ្នាំ២០២១-២០២២៕