(បរទេស)៖ ក្រុមដំរីសឹកថៃ បានយកឈ្នះគូប្រជែងឥណ្ឌូនេស៊ីដល់ទៅ ៤ទល់នឹង០ សម្រាប់ជើងទី១ នៃវគ្គផ្តាច់ព្រ័ត្រពានប្រចាំតំបន់ AFF Suzuki Cup 2020 នាយប់មិញនេះ ដែលមានសិង្ហុបរីធ្វើជាម្ចាស់ផ្ទះ។

រវាងថៃ និងឥណ្ឌូនេស៊ី នឹងប្រកួតជើងទី២ កាត់សេចក្តីទៀតនារាត្រីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យអតីតក្រុមជើងឯកកាលឆ្នាំ២០១៦ មានសង្ឃឹមច្រើនក្នុងការឈ្នះជើងឯកលើកនេះ ដ្បិតមាន ៤គ្រាប់ក្នុងដៃទៅហើយនោះ ក្នុងនាមជាក្រុមដែលបានទម្លាក់ក្រុមការពារជើងឯកវៀតណាមផងដែរ ក្នុងលទ្ធផលឈ្នះ ២-០ កាលជើងទី១ មុនពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៃជើងទី២ ពីវគ្គ ៤ក្រុមចុងក្រោយ។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ ប្រធានក្រុម Chanathip Songkrasin ក៏បន្តរកបាន ២គ្រាប់ផងដែរ បន្ថែមលើ ២គ្រាប់កាលទម្លាក់វៀតណាមចេញពី Suzuki Cup 2020។

Chanathip វ័យ ២៨ឆ្នាំ ផ្តើមរកបានគ្រាប់ទី១ របស់គេត្រឹតែចាប់ផ្តើមបាន ២នាទីប៉ុណ្ណោះនៃវគ្គទី១ នៅមុនពេលគ្រាប់ទី២ បានកើតឡើងនៅនាទី៥២ ធ្វើឲ្យខ្សែប្រយុទ្ធមកពីក្លិបជប៉ុន Samporo កើនគ្រាប់ស៊ុតបាន ៤គ្រាប់ហើយក្នុងយុទ្ធនាការ ២ឆ្នាំម្តងនេះ ដែលត្រូវបានពន្យារពេល ១ឆ្នាំផងដែរ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ចំណែកឯឥណ្ឌូនេស៊ី ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៦ ក្រៅពីមិនដែលឈ្នះជើងឯកផងនោះ បានខិតខំវាយសម្រុកវិញដែរ នៅតែធ្វើមិនបានសម្រេច ខុសពីការលេងជើងទី២ ក៏ត្រូវបានម្ចាស់ផ្ទះសិង្ហបុរីនាំមុខ ២-១ ដល់ចុងម៉ោងផងដែរ នៅពេលវាយបកបានសម្រេចវិញនៅនាទី៨៧ និងលេងម៉ោងថែមឈ្នះ ៤-២ វិញឡើងមក Final នេះ៕