(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២២ ទំនងនឹងត្រូវកាត់បន្ថយក្លិបមួយចំនួន ដែលមិនគ្រប់លក្ខខណ្ឌស្ដង់ដារអាជ្ញាបណ្ណក្លិប ស្របពេលក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បាននឹងកំពុងមមាញឹកក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលក្ខណៈសម្បត្តិរបស់ក្លិបនីមួយៗ ដើម្បីសម្រេចថា តើក្លិបណាខ្លះ ត្រូវបន្ដលេងលីគកំពូល ហើយក្លិបណាខ្លះត្រូវធ្លាក់ទៅលេងលីគទី២?

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនលីគដែលមានលោក Satoshi Saito ជានាយកប្រតិបត្តិ កំពុងពិចារណាលើលក្ខណៈសម្បត្តិរបស់ក្លិបនីមួយៗ ដោយចុះធ្វើការសិក្សា និងពិភាក្សាផ្ទាល់ជាមួយថ្នាក់ដឹកនាំ ឬតំណាងក្លិប ដើម្បីបំពេញនូវចន្លោះខ្វះខាត តែបើក្លិបណាមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់ ប្រហែលនឹងត្រូវធ្លាក់ទៅលេងនៅលីគទី២ វិញ។

លោកបង្ហើបទៀតថា សមាជិកក្លិបលីគកំពូលកម្ពុជាកន្លងមក នៅមិនទាន់គ្រប់លក្ខខណ្ឌទាំងអស់នោះទេ ពោលគឺមានប្រមាណ ៦ក្លិបប៉ុណ្ណោះ ដែលមានសិទ្ធិពេញពីដំបូង។ យ៉ាងណាមិញ សហព័ន្ធ និងក្រុមហ៊ុនលីគកំពុងធ្វើការពិចារណានៅឡើយ ដើម្បីឲ្យលីគដំណើការទៅស្ដង់ដារ និងប្រកបដោយចីរភាព ដូចស្រុកគេ ហើយបើក្រុមតិចពេក អាចនឹងត្រូវបង្កើនចំនួនប្រកួតជាដើម។

ពាក់ព័ន្ធក្រុមមានលក្ខខណ្ឌមិនគ្រប់គ្រាន់ ហើយត្រូវធ្លាក់ត្រូវលេងលីគទី២ ត្រូវបានអគ្គលេខាធិការសហព័ន្ធដដែលពន្យល់ថា «តាមការណែនាំរបស់ថ្នាក់ដឹកនាំសហព័ន្ធផង ហើយក្រុមហ៊ុនលីគក៏គេយល់ឃើញអ៊ីចឹងដែរ ព្រោះវាអត់មានចីរភាព និរន្ដរភាពនៅខាងលើបានទេ ឧទាហរណ៍លេងបានឆ្នាំនេះ ហើយឆ្នាំក្រោយគាត់ឈប់លេង វាខុសដល់ដំណើរការលីគរបស់យើងជាដើម»។

ចំពោះលក្ខខណ្ឌអាជ្ញាបណ្ណក្លិប ដែលក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ត្រូវយកមកធ្វើលក្ខណៈវិនិច្ឆ័យក្លិប ក្នុងការធ្វើកំណែទម្រង់លីគកំពូលកម្ពុជា នារដូវកាលថ្មី គឺត្រូវមានលក្ខខណ្ឌគោល ៥ចំណុច ទី១-កិច្ចការដ្ឋបាលលរបស់សមាគម/ក្លិប ទី២-បញ្ញាចំណូល-ចំណាយ ទី៣-បញ្ហាច្បាប់ ទី៤-បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងទី៥ ដែលពិសេស និងខ្វះមិនបាន គឺបញ្ហាហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់របស់លោក កែវ សារ៉េត។

លោកថា «នេះគឺជាមូលដ្ឋានគ្រឹះ ដែលយើងធ្វើការពិចារណាកន្លងមក ជាមួយក្រុមហ៊ុនលីគ តែមិនទាន់ ១០០% ថា ក្រុមណាធ្លាក់ ឬឡើងនោះទេ។ អ៊ីចឹងស្ថិតក្នុងដំណាក់កាលមួយ ដែលយើងកំពុងតែពិនិត្យ និងណែនាំក្លិបណា ទោះបីមានឈ្មោះលេងក្នុងលីគហើយ ក៏នៅតែមានកន្លែងខ្លះ យើងពិនិត្យមើលលក្ខណៈសម្បត្តិអត់ទាន់គ្រប់កម្រិតដែលត្រូវបន្ដលេងទៀតទេ ព្រោះយើងធ្វើទៅតាមស្ដង់ដាររបស់ក្រុមហ៊ុនលីគប្រទេសជឿនលឿន ក៏គេមើលអាហ្នឹងដែរ»

ដូច្នេះចាំមើលតើក្លិបណាខ្លះ នឹងត្រូវបន្ដលេងលីគកំពូល នារដូវកាលថ្មី ហើយក្លិបណាខ្លះត្រូវធ្លាក់ទៅលេងលីគទី២ ឆ្នាំ២០២២ ខាងមុខ? ចំពោះសមាជិកលីគកំពូលកម្ពុជា ឆ្នាំ២០២១ គឺមាន ១៣ក្លិបរួមមានភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៏ បឹងកេត អង្គរថាយហ្គឺរ កងយោធពណលខេមរភូមិន្ទ គិរីវង់ នគរបាលជាតិ អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា ខេត្តព្រៃវែង និងសូលទីឡូអង្គរ។ រីឯលទ្ធផលបេក្ខភាពត្រូវជាប់ ឬធ្លាក់ពីលីគកំពូល រដូវកាលថ្មី អាចនឹងប្រកាសនាចុងខែមករា ឬខែកុម្ភៈខាងមុខ៕