(ឡុងដ៍)៖ អ្នកចាត់ការក្លិប Arsenal លោក Mikel Arteta នឹងខកខានការប្រកួត Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ ដែលនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Manchester City បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩។ នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

Arsenal កំពុងស្ថិតនៅលំដាប់ទី៤ ក្នុងតារាង មាន ៣៥ពិន្ទុ ក្រោយឆ្លងកាត់ ១៩ប្រកួត ដោយមាន ១៥ពិន្ទុ ពីក្រោមក្រុមកំពូលតារាង City។

«Mikel កំពុងធ្វើចត្តាឡីស័ក ស្របតាមការណែនាំរបស់រដ្ឋាភិបាល ហើយយើងជូនពរឲ្យគាត់ឆាប់ជា» នេះបើតាមក្លិប Arsenal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

លោក Arteta ធ្លាប់រកឃើញវិជ្ជមានម្តងហើយកាលពីខែមីនា ឆ្នាំ២០២០ ភ្លាមៗមុនពេលការរាតត្បាតនៃមេរោគដែលបានបង្ខំឲ្យលីគ Premier League បិទអស់រយៈពេលជាង ៣ខែ។

បុរសវ័យ ៣៩ឆ្នាំរូបនេះ ក៏ជាអ្នកចាត់ការក្លិបដែលលេងនៅ Premier League ថ្មីចុងក្រោយគេ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីអ្នកចាត់ការក្លិប Crystal Palace លោក Patrick Vieira និងអ្នកចាត់ការក្លិប Aston Villa លោក Steven Gerrard។

របាយការណ៍បានបង្ហាញថា មានករណីវិជ្ជមាន ១០៣ករណីហើយ ដែលត្រូវបានរកឃើញនៅក្នុងចំណោមកីឡាករ និងបុគ្គលិកក្នុងលីគ Premier League កាលពីសប្តាហ៍កន្លងទៅ៕