(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន JTI ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ ជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេមួយ ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តនៅក្នុងលិខិតជូនចំពោះក្រុមហ៊ុន JTI ថា៖ «ការបំពេញកាតព្វកិច្ចរបស់លោក-លោកស្រី គឺជាការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ និងរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ»

សូមបញ្ជាក់ថា ក្រុមហ៊ុន JTI ដែលត្រូវបានប្រមុខរដ្ឋាភិបាលដាក់ចំណាត់ថ្នាក់ទី២២ ក្នុងចំណោមអ្នកចូលរួមបង់ពន្ធច្រើនជាងគេ តែងតែចូលរួមសហការជាមួយក្រុមការងាររដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់អំពីការសម្របសម្រួលបរិយាកាសវិនិយោគកាន់តែប្រសើរ ការសិក្សាអំពីគោលនយោបាយពន្ធគយ និងការប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ។

JTI គឺជាក្រុមហ៊ុនដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ក្រុមហ៊ុនឆ្នើមកម្រិតពិភពលោក ពីវិទ្យាស្ថានTop Employer Institute នៅប្រទេសហូឡង់។ JTI ក៏ស្ថិតក្នុងចំណោម ក្រុមហ៊ុនដំបូងគេលើសកលលោក បានទទួលពានរង្វាន់ស្តង់ដារសមភាពសកល ដែលបានវាយតម្លៃខ្ពស់ដល់JTI ដោយបានផ្តល់ឱកាសស្មើភាពគ្នា និងប្រាក់កម្រៃស្មើភាពគ្នា ដល់បុគ្គលិកគ្រប់រូប ដោយមិនមានការរើសអើង។ ជាពិសេសដោយមិនប្រកាន់និន្នាការភេទរបស់បុគ្គលិក JTI បានផ្តល់ច្បាប់ឈប់សម្រាកសម្រាប់គ្រួសារ ចំនួន ២០សប្តាហ៍ ឬ៥ខែ ដោយមានប្រាក់ខែពេញ ដល់មាតាបិតាដែលមានបុត្រថ្មី។

ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ JTI បានជួយដល់សហគមន៍ នៅតាមប្រទេសនានា ហើយតាំងចិត្តក្នុងចូលរួមដោះស្រាយបញ្ហាសង្គមនិងបរិស្ថានផ្សេងៗ។ គម្រោងដែលJTI ជួយគំាទ្រគឺមានគោលបំណងធ្វើឲ្យសហគមន៍កាន់តែប្រសើរ និងរឹងមាំទល់នឹងភាពលំបាកនានា។

ជាក់ស្តែង ក្រុមហ៊ុន និងបុគ្គលិក បានរួមគ្នាផ្តល់កញ្ចប់ស្បៀងអាហារ ដល់គ្រួសារក្រីក្រច្រើនជាង ១០០០គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងដោយការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍។ សំខាន់ជាងនេះទៅទៀត ក្រុមហ៊ុន បានផ្តល់ជំនួយដល់ជនពិការ ជនចាស់ជរា និងជនអនាថា ព្រមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ JTI ក៏បានជួយថែរក្សាដល់និរន្តភាពបរិស្ថាន ដោយអនុវត្តគម្រោងការដំាដើមឈើ និងការកែច្នៃសម្រាម ជាមួយបុគ្គលិក និងដៃគូសហការណ៍របស់ខ្លួន។

សូមជម្រាបថា JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេមួយ ដែលមានប្រតិបត្តិការនៅជាង ១៣០ប្រទេស។ នេះគឺជាក្រុមហ៊ុនដែលជាម្ចាស់ផលិតផលម៉ាក Winston ដែលជាម៉ាកបារីល្បីឈ្មោះលេខ២ លើពិភពលោក និងបារី Camel នៅក្រៅប្រទេសសហរដ្ឋអាមេរិក និងជាម្ចាស់ម៉ាកល្បីឈ្មោះផ្សេងទៀត ដូចជា Mevius និងLD ព្រមទាំងម៉ាកPloom និងLogic។

មានទីស្នាក់កណ្តាលនៅទីក្រុងហ្សឺណេវ ប្រទេសស្វ៉ីស ក្រុមហ៊ុនមានបុគ្គលិកជាង ៤ម៉ឺននៅជុំវិញពិភពលោក ហើយបានទទួលពានរង្វាន់ក្រុមហ៊ុនឆ្នើមពិភពលោក អស់រយៈពេល៧ឆ្នាំជាប់ៗគ្នាមកហើយ។ JTI ជាសមាជិកមួយនៃសាជីវកម្មសម្ព័ន្ធJT។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.jti.com. ៕