(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (ហៅកាត់ថា KOICA), មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីផ្តល់រង្វាន់ដល់ជ័យលាភី បណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ (Bandos Digital Startup 2021) នៅអាគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំនួន ៤ក្រុមដែលបានទទួលជ័យលាភី នៅក្នុងកម្មវិធី Bandos Digital Startup 2021 ទទួលបានថវិការង្វាន់ បូកថែមទាំងទទួលបានថវិការចំនួន ១ម៉ឺនដុល្លារ ក្នុងមួយក្រុមសម្រាប់បង្កើត ផលិតផលគម្រូ ឬ ផលិតផលដែលអាចសម្រេចបានអប្បបរមា (Minimum Viable Product) សម្រាប់បង្ហាញទៅកាន់ទីផ្សារនៅកម្ពុជា។

ជ័យលាភីទាំង ៤ក្រុម រួមមាន៖

* ក្រុម CAM-Science បានទទួលជ័យលាភីលេខ១ បានទទួលថវិការង្វាន់ចំនួន មួយពាន់ដុល្លារ (បូកថែម ១ម៉ឺនដុល្លារ)
* ក្រុម WeFarm បានទទួលជ័យលាភីលេខ២ បានទទួលថវិការង្វាន់ចំនួន ប្រាំរយដុល្លារ (បូកថែម ១ម៉ឺនដុល្លារ)
* ក្រុម Zhongxin បានទទួលជ័យលាភីលេខ៣ បានទទួលថវិការង្វាន់ចំនួន បីរយដុល្លារ (បូកថែម ១ម៉ឺនដុល្លារ)
* និងក្រុម Mutitaverse បានទទួលជ័យលាភីលេខ៤ បានទទួលថវិការង្វាន់ចំនួន ពីររយដុល្លារ (បូកថែម ១ម៉ឺនដុល្លារ)។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជាលី បានអបអរសាទរដល់ ៤ក្រុម CAM-Science, WeFarm, Zhongxin និងក្រុម Mutitaverse សម្រាប់ជ័យលាភី។ លោកក៏បាន ជូនពរពួកគេទទួលបានជោគជ័យបន្តទៀតនៅក្នុងការផលិត ផលិតផលគម្រូ ឬ ផលិតផលដែលអាចសម្រេចបានអប្បបរមា (Minimum Viable Product)។

លោកសាកលវិទ្យាធិការ ថែមទាំងបានសម្តែងការកោតសរសើរចំពោះក្រុមទទួលបានជ័យលាភីលេខ១ CAM-Science ដែលមានគំនិតឆ្នៃប្រឌិតលើគម្រោង
អាជីវកម្មសិកម្មឆ្លាតវៃ និងមានសមាជិកមកពី ៥គ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ៖ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ,
វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន, វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ, និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក ជេត ជាលី បានជំរុញដល់យុវជន សិស្ស និង សិស្សានុស្សិត ទាំងអស់បន្តខិតខំបង្កើតនូវគំនិតឆ្នៃប្រឌិតថ្មីបន្ថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហារបស់សង្គម និងរៀបចំគំរូអាជីវកម្មដើម្បីជួយ ឲ្យដំណោះស្រាយនោះ បន្តប្រកបដោយនិរន្តរភាព។

លោក គីម ជុនស៊ូ (Kim Jun Su) នាយករង KOICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថានៅក្នុងឆ្នាំ២០២២ នឹងមានកម្មវិធី Bandos Digital Startup 2022 ទៀត និងសូមសិស្សានុសិស្ស និស្សិត ទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមឲ្យកាន់តែច្រើនបន្តទៀត។ លោកនាយករង បានកោតសរសើរចំពោះការសហការ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅក្នុងការរៀបចំកម្មវិធី Bandos Digital Startup 2021 នេះបានដោយជោគជ័យ។

លោក ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានឲ្យដឹងថា គោលបំណងនៃកម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ គឺដើម្បីឲ្យសិស្ស និស្សិត និងសហគ្រិនវ័យក្មេងនៅកម្ពុជា អាចសិក្សា និងបង្កើតនូវគំនិតឆ្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យា និងដើម្បីបង្កើតនូវគំរូអាជីវកម្មថ្មី ដើម្បីឲ្យមាននិរន្តរភាពសម្រាប់ដំណោះស្រាយរបស់ខ្លួននោះ។ លោកបានថ្លែងអំណរគុណចំពោះការគាំទ្រពី RUPP, KOICA, KPC សម្រាប់ការរៀបចំកម្មវិធី Bandos Digital Startup 2021 នេះឡើង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ជាច្រើន ហើយបើតាមលោក ជេត ជាលី បានពន្យល់ថា ដោយសារមានមូលហេតុ២។ លោកបញ្ជាក់ថា មូលហេតុទី១ គឺគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមួយរយៈចុងក្រោយនេះ ផ្តោតលើថ្នាក់ឧត្តមសិក្សា និងស្ទែម (STEM) និងមូលហេតុទី២ គឺការអនុវត្តត្រឹមត្រូវ របស់សាកលវិទ្យាល័យភូមិន្ទភូមិន្ទផ្ទាល់ ដែលមានការសាមគ្គីគ្នាដ៏ល្អ៕