(អាមេរិក)៖ ទីភ្នាក់ងារសុវត្ថិភាពរថយន្តសហរដ្ឋអាមេរិក (NHTSA) បានបង្កើនការស៊ើបអង្កេតរបស់ខ្លួនទៅលើករណីឆេះម៉ាស៊ីន ដែលបានកើតឡើងជាញឹកញាប់លើរថយន្ត Hyundai Motor និង Kia Motors Corp អស់រយៈពេលជាង ៦ឆ្នាំមកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

NHTSA បានឱ្យដឹងថា ខ្លួនបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ទៅលើម៉ាស៊ីនរថយន្តប្រមាណ ៣លានគ្រឿង ដើម្បីវាយតម្លៃទៅលើ ប្រសិទ្ធភាព និងស្វែងរកបញ្ហាដែលនាំឱ្យកើតមានការឆេះម៉ាស៊ីន ក្នុងនោះក្រុមហ៊ុនផលិតរថយន្តទាំងពីរក៏បានសហការចូលរួមក្នុងការស៊ើបអង្កេតផងដែរ។

យោងតាមរបាយការណ៍បានឱ្យដឹងថា មានករណីអគ្គីភ័យចំនួន ១៦១ករណី ដែលបណ្ដាលមកពីម៉ាស៊ីនរថយន្តមិនដំណើរការ ប៉ុន្តែមិនបានបញ្ជាក់ថា ករណីអគ្គីភ័យទាំងនោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ ឬអត់នោះទេ គ្រាន់តែដឹងថា អាចនឹងត្រូវប្រកាស ប្រមូលរថយន្តមួយចំនួនត្រឡប់មកវិញដើម្បីធ្វើការជួសជុល។

NHTSA បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើករណីនេះតាំងពីឆ្នាំ ២០១៩ ដោយក្នុងនោះមានរថយន្ត Kia Optima និង Sorento ផលិតឡើងនៅចន្លោះឆ្នាំ ២០១១-២០១៤ និង Kia Soul ផលិតឡើងនៅចន្លោះឆ្នាំ ២០១០-២០១៥ ព្រមទាំងរថយន្ត Hyundai Sonata និង Santa Fe ផលិតឡើងចន្លោះឆ្នាំ ២០១១-២០១៤។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរបានយល់ព្រមលើការពិន័យជាប្រាក់ចំនួន ២១០លានដុល្លារ កាលពីឆ្នាំមុន បន្ទាប់ពីនិយតករបាននិយាយថាពួកគេបរាជ័យក្នុងការប្រមូលរថយន្តចំនួន ១.៦លានគ្រឿង ដែលមានបញ្ហាម៉ាស៊ីន៕