(ស៊ែប៊ី)៖ ជើងឯកលេខ ១ពិភពលោក Novak Djokovic បានសម្រេចដកខ្លួនចេញពីការប្រកួតពាន ATP Cup 2022 ជាមួយក្រុមជម្រើសស៊ែប៊ី ខណៈក៏មិនទាន់ប្រាកដប្រជាថាអាចចូលរួមនៅព្រឹត្តិការណ៍ពាន Australian Open 2022 នោះទេដែលស្ថិតក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមប្រភពពី Dailymail បានចេញផ្សានាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

បញ្ហានេះបានកើតឡើងបន្ទាប់ពីបុរសវ័យ ៣៤ឆ្នាំ Novak Djokovic មិនបានទទួលការចាក់វ៉ាក់សាំងនោះទេ នៅពេលដែលព្រឹត្តិការណ៍ Australian Open ត្រូវបានអ្នករៀបចំកម្មវិធីសម្រេចថា អ្នកចូលរួមមានកីឡាករ និងបុគ្គលិកត្រូវតែទទួលបានការចាក់វ៉ាក់សាំងទាំងអស់ ឬមានការទទួលស្គាល់លើកលែងដោយក្រុមអ្នកវេជ្ជសាស្រ្ត ដែលជាការការពារមេរោគឆ្លង COVID-19។

Novak ដែលជាម្ចាស់ពាន ៩សម័យកាល Australian Open ផងនោះ ក៏ត្រូវបានកីឡាករលេខ៣៣ Dusan Lajovic ចូលជំនួសក្នុងក្រុមជម្រើសស៊ែប៊ី ដែលមាន ១៦ប្រទេសត្រូវជែងពាន ATP Cup ដែលចាប់ផ្តើមនៅថ្ងៃទីសៅរ៍ខាងមុខនេះ នាទីក្រុង Sydney គ្រាដែលកាលពីសប្តាហ៍មុនលោក Craig Tiley ដែលជានាយកព្រឹត្តិការណ៍នេះបានលើកឡើងថា «មិនមានការលើកលែងណាមួយចំពោះម្ចាស់ជើងឯក Grand Slam ២០សម័យកាល Novak នោះទេ» ទោះជាមានការសម្របសម្រួលពីសមាជិកក្រុមស៊ែប៊ី ដើម្បីលើកលែងផ្នែកវេជ្ជសាស្ត្រក៏ដោយ។ នេះបើប្រភពសាព័ត៌មាន Informer បានដោយដឹង។

គួរបញ្ជាក់ផងថា ក្រុមជម្រើសជាតិស៊ែប៊ី ផ្នែកវាយកូនបាល់ (Tennes) បានស្ថិតក្នុងពូល A ដែលត្រូវបានប៉ះក្រុមន័រវេស នៃការប្រកួតពាន ATP Cup នឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នៅទីក្រុង Sydney ហើយក្រុមជម្រើសស៊ែប៊ី ជាក្រុមជើងឯករដូវកាលដំបូងឆ្នាំ២០២០ ពេលដែលក្រុមរុស្ស៊ី ដណ្តើមបានកាលឆ្នាំ២០២១ ខណៈពាន Australian Open ប្រកួតនៅថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែឆ្នាំដដែល៕