(ប៉េកាំង)៖ សហព័ន្ធកីឡាបាល់ទាត់ចិន បានចេញបម្រាមថ្មី គឺហាមឃាត់កីឡាករជម្រើសជាតិរបស់ខ្លួនមានចាក់សាក់ (tattoos) លើដងខ្លួនចាប់ពីពេលនេះតទៅ។

កីឡាករបាល់ទាត់ដែលស្ថិតក្នុងក្រុមជម្រើសជាតិចិនទាំងឡាយណាដែលមានសាក់លើកដងខ្លួន ត្រូវលុបចេញចាប់ពីពេលនេះតទៅ ក្រោមបទបញ្ជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

កន្លងមកកីឡាករ Zhang Linpeng ដែលស្ថិតក្នុងក្រុមជម្រើសជាតិចិន ក៏ត្រូវបានបញ្ជាឲ្យលុបស្នាមសាក់ទៅលើដងខ្លួនរបស់គេផងដែរ មុនពេលបម្រាមមានសាក់លើដងខ្លួនកីឡាករ ត្រូវបានដាក់ចេញនាពេលថ្មីៗនេះ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋបាលកីឡាចិនបានបញ្ជាក់ថា «កីឡាករគ្រប់កម្រិតក្នុងក្រុមជម្រើសជាតិចិន ត្រូវបានហាមឃាត់ពីការមានសាក់លើដងខ្លួនរបស់ពួកគេ ក្នុងន័យធ្វើឲ្យសង្គមជាតិមានភាពប្រសើរឡើង»

គួររំលឹកផងថា កាលពីពាក់កណ្តាលឆ្នាំ២០១៨ កន្លងទៅ ចិនក៏បានដាក់ចេញនូវការលុបបំបាត់សាក់ម្តងមកហើយដែរ និងមានកីឡាករខ្លះបានលុប និងខ្លះទៀតបានពាក់អាវដៃវែង ដើម្បីកុំឲ្យឃើញពេលអំឡុងប្រកួតផងដែរ ហើយនៅពេលអំឡុងហ្វឹកហាត់របស់ពួកគេ ស្នាមសាក់ក៏ត្រូវបានស្នើសុំបិទបាំង និងលុបចេញទៀតផង។

លើសពីនេះទៀត កាលពីខែធ្នូឆ្នាំទៅ ការប្រកួតបាល់ទាត់ស្រ្តីកម្រិតសាកលវិទ្យាល័យនៅចិន ក៏មានការស្នើសុំឲ្យកីឡាការិនីដែលលាបថ្នាំសក់ មិនឲ្យចូលរួមប្រកួតដែរ៕