(រ៉ូម)៖ ក្លិបលំដាប់កំពូលមួយចំនួនលេងនៅលីគ Serie A ក្នុងនោះរួមទាំង Inter Milan និង Juventus ផងដែរ បានផ្អាកការលក់សំបុត្រសម្រាប់ការប្រកួត ដែលនឹងមកដល់នាពេលខាងមុខ ខណៈកីឡដ្ឋានប្រកួតបាល់ទាត់នៅក្នុងប្រទេសអ៉ីតាលី នឹងកាត់បន្ថយចំនួនអ្នកចូលទស្សនា មកនៅត្រឹមច្រើនបំផុត ៥០ភាគរយនៃសមត្ថភាពផ្ទុករបស់វា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងកីឡាអ៉ីតាលី នៅថ្ងៃពុធបានបញ្ជាក់ថា ខ្លួនបានកាត់បន្ថយចំនួនអ្នកចូលទស្សនា សម្រាប់ព្រឹត្តិការណ៍ធ្វើនៅកន្លែងមិនបិទជិតពី ៧៥ភាគរយ មកនៅត្រឹម ៥០ភាគរយប៉ុណ្ណោះ និងសម្រាប់ព្រឹត្តិការណ៍ដែលធ្វើឡើងនៅកន្លែងបិទជិត កាត់បន្ថយមកនៅត្រឹម ៣៥ភាគរយវិញ។

ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃបានកើនឡើងក្នុងប្រទេសអ៉ីតាលីក្នុងសប្តាហ៍នេះ ដោយឡើងដល់ ៩៨,០៣០ករណីកាលពីថ្ងៃពុធ ជាមួយនឹងចំនួនអ្នកជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងមានការកើនឡើង។

លីគបាល់ទាត់កំពូលរបស់អ៉ីតាលី Serie A បច្ចុប្បន្នកំពុងឈប់សម្រាករដូវរងារយៈពេល ២សប្តាហ៍ ប៉ុន្តែក្លិបធំៗជាច្រើនបានផ្អាកការលក់សំបុត្រចូលទស្សនាផងដែរ មុនពេលដែលលីគវិលត្រឡប់មកប្រកួតវិញនៅថ្ងៃទី០៦ ខែមករាខាងមុខ៕