(អាមេរិក)៖ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងប្រមូលរថយន្តអគ្គិសនី Model 3 និង Model S ច្រើនជាង ៤៧៥០០០គ្រឿង ដើម្បីដោះស្រាយបញ្ហាកាមេរ៉ាមើលក្រោយ និងតួរថតយន្តដែលបង្កើនហានិភ័យ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិក (NHTSA) បាននិងកំពុងពិភាក្សាអំពីបញ្ហាកាមេរ៉ាមួយផ្សេងទៀត ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ ខណៈពេលនេះកំពុងស៊ើបអង្កេតទៅលើប្រព័ន្ធជំនួយ ការអ្នកបើកបរដែលកន្លងមកក៏បានបង្កនូវគ្រោះថ្នាក់ផងដែរ។

រថយន្តដែល ប៉ះពាល់ និងត្រូវ ប្រមូល គឺផលិតឡើងនៅចន្លោះ ឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២១ ហើយចំនួនរថយន្តសរុបដែលបានប្រមូលមកវិញ គឺជិតស្មើនឹងកន្លះលានគ្រឿង ដែល Tesla បានចែកចាយកាលពីឆ្នាំមុន។ និយតករសហព័ន្ធបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកកំពុងប្រមូលរថយន្ត Model 3 ចំនួន៣៥៦៣០៩គ្រឿង ផលិតឡើងនៅចន្លោះឆ្នាំ ២០១៧-២០២០ ដើម្បីដោះស្រាយបញ្ហាកាមេរ៉ាមើលក្រោយ និងរថយន្ត Model S ចំនួន ១១៩០០៩គ្រឿង ដោយសារបញ្ហាតួរថយន្តផ្នែកខាងមុខ។

NHTSA បាននិយាយថា ចំពោះបញ្ហាកាមេរ៉ាមើលក្រោយរបស់ Model 3 អាចបណ្ដាលមកពីការបិទ/បើកគម្រប់ទ្វារនៅផ្នែកខាងក្រោយមិនត្រឹមត្រូវ ឬខុសបច្ចេកទេសទើបបណ្ដាលឱ្យរូបភាពនៅក្នុងកាមេរ៉ាមិនច្បាស់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចេញផ្សាយនូវដំណឹងប្រកាសប្រមូលរថយន្តនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រមាណជាង ៣ភាគរយភ្លាមៗ៕