(រីយ៉ូ)៖ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ លោក Paulo Sousa បានចែកផ្លូវគ្នាជាមួយក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញហើយ ដើម្បីចូលកាន់តួនាទីជាអ្នកចាត់ការក្លិបបាល់ទាត់ Flamengo ដែលលេងនៅលីគ Serie A របស់ប្រេស៊ីល។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោក Sousa បានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសមាគមបាល់ទាត់ប៉ូឡូញ បានប្រកាសបញ្ចប់កិច្ចសន្យារបស់ខ្លួន ជាមួយនឹងបុរសវ័យ ៥១ឆ្នាំរូបនេះ។

លោក Sousa បានជំនួសតំណែងលោក Renato Portaluppi ដែលត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីការបរាជ័យរបស់ក្រុមក្រោមថ្វីជើងក្រុម Palmeiras ក្នុងវគ្គផ្តាច់ព្រ័ត្រលីគ Copa Libertadores កាលពីខែមុន។

លោកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការងារជាផ្លូវការជាមួយនឹងក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Rio de Janeiro នេះ ក្នុងសប្តាហ៍ទី២ នៃខែមករា៕