(សៀមរាប)៖ មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិ ក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអបអរការប្រារព្ធបិទការ «គ្រងតំណែង» ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២២ របស់ក្រុងសៀមរាប។

លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈនៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) កំពុងតែរៀបចំកម្មវិធីមួយដោយរួមបញ្ចូលការសម្ដែង Mozart at Angkor នៅក្នុងគម្រោងល្ខោនអូប៉េរ៉ាអង្គរ ដែលនឹងបង្ហាញវត្ដមានរួមគ្នារវាងសិល្បករអន្ដរជាតិ ក៏ដូចជាសិល្បករជាតិ នៅលើបរិវេណឧទ្យានបុរាណវត្ថុវិទ្យាអង្គរដ៏វិសេស និងអស្ចារ្យ។

ព្រឹត្ដិការណ៍ដែលត្រូវបានចុះផ្សាយ តាមបណ្ដាសារព័ត៌មានអន្ដរជាតិនានា ដូចជាទស្សនាវដ្ដីតន្ដ្រី BBC Music Magazine ទទួលបានការសព្វព្រះរាជហារទ័យគាំទ្រពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយ។

ព្រឹត្ដិការណ៍ក្នុងឱកាសចុងឆ្នាំនេះត្រូវបានលោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈ នៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) និងក្រុមការងាររបស់លោក បានត្រៀមរួចរាល់ជាស្រេច។

លោក Aaron Carpene បានមានប្រសាសន៍ថា «ថ្វីដ្បិតតែយើងប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការរៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរនាឆ្នាំនេះយ៉ាងណាក៏ដោយ ក៏យើងនៅតែបង្កើតកម្មវិធីសម្ដែងនានាប្រកបដោយជោគជ័យ ដែលបានបង្ហាញបេតិកភណ្ឌវប្បធម៌កម្ពុជាដ៏សម្បូរបែប។ យើងមានភ័ព្វសំណាងដែលទទួលបានការណែនាំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ យើងមានទំនុកចិត្តថា ដោយមានជំនួយពីក្រសួង កម្មវិធីនៅឆ្នាំក្រោយនឹងធំជាងនេះ ហើយនឹងទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិខ្លាំង»

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងមហោស្រពនេះដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ក្នុងខេត្តសៀមរាប។ កម្មវិធីពិសេសៗក្នុងព្រឹត្តិការណ៍នេះរួមមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើន រួមទាំងតន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ព្រឹត្ដិការណ៍ដ៏លេចធ្លោរបំផុតមួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗ គឺការបង្ហើរខ្លែងប្រពៃណីកម្ពុជាដែលហៅថា ខ្លែងឯកខ្មែរ ដែលបានចាប់យកចំណាប់អារម្មណ៍របស់អន្ដរជាតិ។

អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ។

អ្នកឧបត្ថម្ភព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរឆ្នាំ២០២១ នេះ រួមមាន ស្រាបៀរអង្គរ ទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិវប្បធម៌ និងទេសចរណ៍ Chengdu។

ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំផែនការរួចហើយសម្រាប់ព្រឹត្ដិការណ៍មហោស្រពឆ្នាំក្រោយ ដែលគ្រោងរួមបញ្ចូលទាំង Mozart at Angkor។ ដោយផ្អែកលើល្ខោនអូប៉េរ៉ាដ៏ពេញនិយមជាសកលរបស់ Mozart ក្នុងរឿង «The Magic Flute» វានឹងក្លាយជាការសម្ដែងចម្លងពីសាច់រឿងដើម ដោយមានការចូលរួមពីអ្នកចម្រៀង តន្ដ្រីករ និងអ្នករបាំក្លាស៊ីកអន្ដរជាតិជាច្រើនរូប។

កម្មវិធីប្រគំតន្ដ្រីនេះបានទាក់ទាញចំណាប់អារម្មណ៍បណ្ដាញផ្សព្វផ្សាយអន្ដរជាតិជាច្រើននៅអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល ដែលមានន័យថា រាល់ការសម្ដែងនៅទីសាធារណៈត្រូវបានកំហិតដោយសារបញ្ហាសុខភាព និងសុវត្ថិភាព៕