(កូរ៉េ)៖ ធ្វើបុណ្យឥតល្ហែ! តារាចម្រៀងប្រុស J-Hope សមាជិក BTS ត្រូវបានរាយការណ៍មកថា បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណ ៨៤,០០០ដុល្លារអាមេរិក ដើម្បីជួយដល់កុមារដែលស្ថិតក្នុងក្រុមគ្រួសារក្រីក្រ នៅអំឡុងរដូវរងា និងកំពុងជួបបញ្ហាលំបាក ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

យោងតាមមូលនិធី «The Green Umbrella Foundation» បានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូនេះថា J-Hope សមាជិក BTS បានបរិច្ចាគប្រាក់ចំនួន១០០លានវ៉ុន ឬប្រមាណ ៨៤,០០០ដុល្លារអាមេរិក ជួយដល់កុមារក្រីក្រក្នុងប្រទេសកូរ៉េ ការបរិច្ចាគនេះ គឺសម្រាប់ថ្នាំសង្កូវ និងផ្តល់ជាជំនួយផ្សេងៗដល់កុមារមកពីក្រុមគ្រួសារក្រីក្រ ដែលខ្វះខាតប្រាក់ ដោយសារវិបត្តិកូវីដ-១៩។

តាមរយៈការបរិច្ចាគនេះ J-Hope បានលើកឡើងថា មូលហេតុដែលលោកធ្វើកិច្ចការងារសប្បុរធម៌នៅពេលនេះ គឺដោយសារតែលោកមានការព្រួយបារម្ភ ចំពោះកុមារក្រីក្រដែលរងគ្រោះដោយសារវិបត្តិកូវី-១៩ និងខ្វះខាតប្រាក់ ព្រោះថាពួកគេអាចនឹងពិបាកទ្វេដង ហើយត្រូវប្រឈមនឹងអាកាសធាតុដ៏ត្រជាក់ និងកណ្ដោចកណ្ដែងទៀតផង។ លោកសង្ឃឹមថា ជំនួយពេលនេះនឹងជួយដល់ក្មេងៗឲ្យមានភាពកក់ក្ដៅក្នុងរដូវរងានេះ៕