(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប នៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ ២០២១ បានបើកពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ និងពង្រឹងគុណភាព ដើម្បីអភិវឌ្ឍខ្លួនឈានទៅស្ដង់ដារអន្ដរជាតិមួយ។

ក្នុងកម្មពិធីនេះដែរ ដោយមានការចូលរួមពី ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន លី ហួរ គ្រុប ចំនួន៨ រួមមាន៖
*១៖ អគារប្តូរប្រាក់ លី ហួរ និងរតនៈអលង្ការ (បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី)
*២៖ ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី
*៣៖ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក
*៤៖ ក្រុមហ៊ុន ទេពីអាក្រូ វិនិយោគ
*៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី
*៦៖ ក្រុមហ៊ុន លី ហួរ លី ស៊ីង ភីអិលស៊ី
*៧៖ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី
*៨៖ ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក។

លោកឧកញ៉ា បានថ្លែងបន្ដថា លទ្ធផលការងាររបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ តាមក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗរួចមក ត្រូវបានពិនិត្យឃើញជារួមថា ក្រុមហ៊ុនមួយចំនួនបន្តមានការរីកចម្រើនគួរអោយកត់សម្គាល់ បើទោះបីក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាយើង បានជួបផលប៉ះពាល់ជម្ងឺកូវីដ-១៩ យ៉ាងខ្លាំងក៏ដោយ។ ក្នុងឆ្នាំ២០២១នេះ ភាពរីកចម្រើនទាំងអស់ នោះរួមមានដូចតទៅ៖

១៖ ប្រាក់ចំណេញតាមក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗសម្រេចបានចំនួនសមស្របក្នុងស្ថានភាពជាក់ស្តែង នៃសង្គមជាតិ។
២៖ ក្រុមហ៊ុនបានបង្កើតការងារឲ្យបុគ្គលិក និងកម្មករ មានចំនួនកើនឡើងយ៉ាងច្រើន ក្នុងឆ្នាំ២០២១នេះ បើទោះបីជាស្ថិតក្នុងស្ថានភាព នៃការរាលត្បាត នៃជម្ងឺកូវីដ-១៩ (ក្នុងស្ថានភាពដែលប្រជាពលរដ្ឋជួប ការលំបាក និងខ្វះការងារធ្វើ)។
៣៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗបានបង្កើតគម្រោង សាខាថ្មីៗបន្ថែមប្រកបដោយភាពជោគជ័យ។ ៤៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗ មានការសហប្រតិបត្តិការ និងជ្រោមជ្រែងគ្នាទៅវិញទៅមកបានយ៉ាងល្អ
ប្រសើរ។
៥៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗ បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានយ៉ាងល្អគួរឲ្យកត់សម្គាល់ និងមិនធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន។

ចំពោះសមិទ្ធផលខាងលើដែលសម្រេចបាន គឺដោយមានការចូលរួមបំពេញការងារយ៉ាងសកម្ម ពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់ទាបរហូតដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់។

ក្រុមហ៊ុន លី ហួរ គ្រុប «ខ្ញុំសូមថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងឆ្នាំ២០២១នេះ ហើយខ្ញុំសូមលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ត្រូវបន្តការខិតខំបំពេញការងារឲ្យកាន់តែប្រសើរបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់»។

លោកឧកញ៉ា លី ហួរ ក្រុមហ៊ុន លី ហួរ គ្រុប ប្រធាននាយកប្រតិបត្តិ
សូមដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាអាទិភាពសម្រាប់ឆ្នាំ២០២២ ដូចតទៅ៖

១៖ បន្តអនុវត្តន៍បាវចនាក្រុមហ៊ុន មានដូចតទៅ៖
* សីលធម៌៖ ត្រូវមានសីលធម៌ល្អ សុភាពរាបសារ ទន់ភ្លន់ រួសរាយរាក់ទាក់។
* សមធម៌៖ ស្មើភាពគ្នា មិនកេងប្រវ័ញ្ច គ្មានបក្សពួក គ្មានអំពើពុករលួយ។
* យុត្តិធម៌៖ តម្លាភាព ត្រឹមត្រូវ ស្មើមុខគ្នាចំពោះមុខច្បាប់ អនុវត្តន៍ច្បាប់ជាធំ។
២៖ ពង្រឹងរចនាសម្ព័ន្ធក្រុមហ៊ុនតាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធបុគ្គលិក ឲ្យសមស្របទៅនឹង សមត្ថភាពបុគ្គលិក ភាពចាំបាច់ និងលក្ខខណ្ឌរបស់ក្រុមហ៊ុន។
៣៖ ពង្រីកប្រតិបត្តិការ ដោយបង្កើតគម្រោង ឬសាខាតាមក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗ និងបង្កើត ក្រុមហ៊ុនថ្មីៗបន្ថែមទៀតអោយសមស្របទៅនឹងកាលៈទេសៈទីផ្សារសេដ្ឋកិច្ច និងសង្គមជាតិ។
៤៖ បង្កើតផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជនអោយសមស្របតាមទីផ្សារបច្ចុប្បន្ន និងពេលអនាគត។
៥៖ ពង្រឹងសមត្ថភាពបុគ្គលិកតាមរយៈការបណ្តុះបណ្តាលបង្ហាត់បង្រៀនបន្ថែម ដើម្បីអោយការ អនុវត្តការងារមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមជំនាញវិជ្ជាជីវៈ។
៦៖ គ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់ខ្លួនដែលមិនទាន់ សម្រេចបាននៅក្នុងឆ្នាំ២០២១ ហើយត្រូវអនុវត្តន៍ផែនការយុទ្ធសាស្ត្រដែលដាក់ចេញនាឆ្នាំ២០២២ នេះ ឲ្យសម្រេចបានលទ្ធផលគ្រប់ផែនការ។
៧៖ ត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតាមក្រុមហ៊ុននីមួយៗឲ្យបានរឹងមាំធ្វើយ៉ាងណាឲ្យការអនុវត្ត ការងារឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
៨៖ តាមក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនដែលមិនទាន់មានការរៀបចំជាគណៈកម្មការជំនាញ ដែល ត្រូវប្រជុំពិភាក្សាលើកិច្ចការងារចាំបាច់ផ្សេងៗ ត្រូវចាប់ផ្តើមរៀបចំចងក្រងបង្កើតឲ្យមានជាគណៈកម្មការតាមភាពចាំបាច់ ដើម្បីឲ្យការអនុវត្តការងារចំទិសដៅ មានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព។ ៩៖ តាមក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗ ត្រូវខិតខំប្រឹងប្រែងរៀបចំ ស្តង់ដាការងារឲ្យសមស្របតាម ស្ថានភាពទីផ្សារការងារ ទីផ្សាសេដ្ឋកិច្ចសង្គមជាតិទាំងពេលបច្ចុប្បន្ន និងពេលអនាគត។១០.ត្រូវបង្កើនប្រាក់ចំណេញជាអតិបរមា តាមរយៈការបង្កើនទំនុកចិត្តពីអតិថិជន បង្កើនផលិត ភាពការងារ គុណភាពសេវាកម្ម និងប្រសិទ្ធភាពការងាររបស់បុគ្គលិក នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ នីមួយៗ។

លោកឧកញ៉ា លី ហួរ បានបន្ថែមទៀតថថា ក្រៅពីការដាក់ចេញនូវផែនការយុទ្ធសាស្ត្រខាងលើ សូមផ្តល់អនុសាសន៍ណែនាំខ្លះៗ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដើម្បីយកទៅអនុវត្តន៍ដូចតទៅ៖
១៖ ត្រូវបន្តយកចិត្តទុកដាក់ចំពោះការផ្តល់សេវាកម្មជូនអតិថិជន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ២៖ បន្តតាមដានជាប្រចាំនូវការវិវត្តទីផ្សារសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដើម្បីបត់បែនឲ្យទាន់ពេលវេលា និងតាមកាលៈទេសៈជាក់ស្តែង។
៣៖ សហការគ្នាឲ្យបានជិតស្និទ្ធក្នុងការបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានា។
៤៖ គ្រប់គ្រងការចំណាយឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានានូវនិរន្តរ៍ភាព និងភាពរីកចម្រើន
របស់ក្រុមហ៊ុនឲ្យសមស្របតាមដើមទុន និងសេដ្ឋកិច្ចប្រទេសជាតិ។
៥៖ សិក្សាឲ្យបានស៊ីជម្រៅអំពីការរៀបចំផែនការ ហានិភ័យ និងផលប៉ះពាល់ផ្សេងៗចំពោះក្រុមហ៊ុន។ ៦៖ បង្កើនការសហការគ្នារវាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
៧៖ ត្រូវបង្កើនការទំនាក់ទំនង និងចេះជួយគ្នាទៅវិញទៅមកចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធណាដែលលទ្ធ
ភាពក្នុងការស្វែងរកប្រាក់ចំណេញនៅមានកម្រិត។
៨៖ ព្យាយាមធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននីមួយៗ កាន់តែមានភាពល្បីល្បាញ់ មានការទទួលស្គាល់ពីសាធារណជន និងមានការគាំទ្រច្រើនពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ។ ៩៖ ប្រឹងប្រែងបន្ថែមក្នុងការស្វែងរកដៃគូសហប្រតិបត្តិការផ្សេងៗស្របតាមស្ថានភាពទីផ្សារបច្ចុប្បន្ន។
១០៖ គ្រប់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ត្រូវបន្តចូលរួមបង្ការ និងទប់ស្កាត់ នៃការរាតត្បាតជំងឺកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក្នុងករណី ប្រសិនបើមានបុគ្គលិកណាម្នាក់ឆ្លងជម្ងឺកូវីដ-១៩ ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ និងឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ជាដើម។

ស្របពេលដែលទទួលបានលទ្ធផល និងភាពជោគជ័យ ខ្ញុំសូមផ្តាំផ្ញើដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិក ទាំងអស់ត្រូវរក្សានូវវប្បធម៌ការងារល្អបែបនេះ និងខិតខំប្រឹងប្រែងចូលរួមចំណែករកយុទ្ធសាស្ត្រថ្មីៗ ដើម្បី ជួយឲ្យក្រុមហ៊ុនទទួលបានការរីកចម្រើនជាងនេះទៀត ជាបន្តបន្ទាប់។ ខ្ញុំសូមបញ្ជាក់ថា ពេលដែលក្រុម ហ៊ុនមានការរីកចម្រើន បុគ្គលិក ក៏ទទួលបានការរីកចម្រើនជាមួយក្រុមហ៊ុន ផងដែរ។

ហើយ ជារៀងរាល់ឆ្នាំដើម្បីឆ្លើយតបទៅនឹងការខិតខំបំពេញការងាររបស់បុគ្គលិក និងភាពរីក ចម្រើនរបស់ក្រុមហ៊ុននីមួយៗ ខ្ញុំតែងតែផ្ដល់ពានរង្វាន់ដល់ក្រុមហ៊ុនឆ្នើម និងប័ណ្ណសរសើរបុគ្គលិកឆ្នើម ដោយផ្អែកលើការវាយតម្លៃ និងការពិនិត្យរបស់ខ្ញុំផ្ទាល់ និងមានការផ្តល់យោបល់ពីថ្នាក់គ្រប់គ្រងជាន់ ខ្ពស់តាមក្រុមហ៊ុននីមួយៗ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា លី ហួរ «ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និងអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញការងារអស់ពីលទ្ធភាព តាមមុខងាររៀងៗខ្លួន ដែលធ្វើអោយ ក្រុមហ៊ុន លី ហួរ គ្រុប ទាំងមូលមានភាពរីកចម្រើន និងទទួលបានភាពជោគជ័យយ៉ាង ត្រចះត្រចង់ រហូតដល់ពេលនេះ»

ជាថ្មីម្តងទៀត តាងនាមឲ្យ ក្រុមហ៊ុន លី ហួរ គ្រុប ទាំងមូលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានអញ្ជើញចូលរួម ពិធីសន្និបាតនាពេលនេះ ហើយយើងខ្ញុំ សង្ឃឹមថា នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត ស្ថានភាពជម្ងឺកូវីដ-១៩ នឹងមានសភាពធូរស្រាល ដែលអាចអនុញ្ញាតឲ្យយើងជួបជុំគ្នាក្នុងពិធីសន្និបាត និងបង្កើតកម្មវិធីលៀងសាយភោជន៍ទ្រង់ទ្រាយធំ ជាមួយគ្រប់បុគ្គលិក ទាំងអស់។

ជាចុងបញ្ចប់ លោកឧកញ៉ា លី ហួរ សូមជូនពរលោកស្រី ស៊ាង លីម លោក លោកស្រី ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ព្រមទាំងក្រុមគ្រួសារ ប្រកបតែសេចក្តីសុខ សុវត្ថិភាព និងប៉ងប្រាថ្ន អ្វីៗឲ្យបានសម្រេចជោគជ័យដូចសេចក្តីប៉ងប្រាថ្នារៀងៗខ្លួន និងជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសជៀសឲ្យផុតពីការឆ្លងជម្ងឺកូវីដ-១៩៕