(ក្រុងឡុងដ៍)៖ ខ្សែការពារ Joao Cancelo នៅតែស្ថិតក្នុងជម្រើសរបស់ Manchester City ពេលប៉ះកាំភ្លើងធំ Arsenal រាត្រីនេះដដែល ដ្បិតទើបរងរបួសលើផ្ទៃមុខពេលត្រូវចោរប្លន់កាលពី ២ថ្ងៃមុនក៏ដោយ។

កីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ ២៧ឆ្នាំខាងលើនេះ ត្រូវបាន BBC ចុះផ្សាយថា បន្តស្ថិតក្នុងជម្រើស ១១នាក់ដំបូងដដែលពេលក្រុមការពារជើងឯក Premier League ជួបប្រកួតទល់នឹងម្ចាស់ផ្ទះ Arsenal នៅក្បាលព្រលប់ថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២ នេះ ក្រោយពេល ២ថ្ងៃដែលរូបគេបានពើបប្រទះទល់នឹងក្រុមចោរ ៤នាក់ចូលប្លន់ដល់ក្នុងផ្ទះក៏ដោយ។

ក្រុមវេជ្ជបណ្ឌិតរបស់ City បានបញ្ជាក់ថា បញ្ហារបួសរបស់ Cancelo មិនជាធ្ងន់ធ្ងរនោះទេ និងអាចចូលលេងបាននៅទឹកដី Emirates នារាត្រីនេះដែរ សម្រាប់ជើងទី២ នៅ Premier League ដ្បិតជើងទី១ ពួកគេបានបំបាក់ក្រុមរបស់លោក Mikel Arteta ដល់ទៅ ៥ទល់នឹង០ នៅកីឡដ្ឋាន Etihad៕